(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងរបស់សាជីវកម្ម Starts (ខេមបូឌា) របស់ជប៉ុន លើការអភិវឌ្ឍគម្រោងសណ្ឋាគារទី១ ដែលមានឈ្មោះថា អ៉ី មីអន ភ្នំពេញ (មាន១៩ជាន់ ស្មើនឹង ២៤០បន្ទប់) គឺជាការរួមចំណែកដ៏សំខាន់ដល់វិស័យសណ្ឋាគារ និងការទាក់ទាញទេសចរ និងវិនិយោគិនជប៉ុនមកកម្ពុជាកាន់តែច្រើនថែមទៀត។
ការលើកឡើងរបស់លោក ថោង ខុន បានធ្វើឡើងក្នុងឱកាសដែលលោក រួមជាមួយលោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសណ្ឋាគារអ៉ី មីអន ភ្នំពេញ នាយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ជាមួយនឹងការអបអរសាទរ លោក ថោង ខុន បានសង្កត់ធ្ងន់ថា សមិទ្ធផលថ្មីសន្លាងនេះ ក៏ដើម្បីចូលរួមខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ និងខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុនផងដែរ។
ក្នុងឱកាសនេះដែរ លោក ថោង ខុន បានសំណូមពរដល់សាជីវកម្ម Starts (ខេមបូឌា) ដូចខាងក្រោម៖
ទី១៖ ស្នើបន្តចូលរួមដល់កិច្ចការពារបរិស្ថាន ដើម្បីនិរន្តរភាពគោលដៅទេសចរណ៍ស្អាតនិងបៃតង (Eco-friendly facilities) ដោយអនុវត្តន៍តាមស្តង់ដាសណ្ឋគារបៃតង (Green Hotel Standard)។
ទី២៖ ត្រូវត្រៀមចូលរួមប្រឡងប្រណាំងពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ដែលនឹងប្រព្រឹត្តធ្វើនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។
ទី៣៖ គាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក តាមរយៈការប្រើប្រាស់សម្ភារៈ បន្លែ ត្រី សាច់ គ្រឿងទេស ដែលផលិតក្នុងស្រុក។
ទី៤៖ ចូលរួមបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់បុគ្គលិកដែលជាជនជាតិខ្មែរ តាមយន្តការ In House Training និងស្នើឱ្យផ្តល់ឱកាសឱ្យបុគ្គលិកក្នុងសណ្ឋាគារ អ៉ី មីអន ភ្នំពេញ ចូលរួមការវាយតម្លៃជាអ្នកជំនាញទេសចរណ៍ ស្របតាមគុណវុឌ្ឍិអាស៊ាន។
ស្របពេលដែលចំនួនវិនិយោគិនជប៉ុនមកកម្ពុជា កាន់តែមានចំនួនកើនឡើងច្រើនជាលំដាប់ សាជីវកម្ម Starts (ខេមបូឌា) របស់ជប៉ុន គម្រោងសណ្ឋាគារទី១ ដែលបានកសាងប្រកបដោយភាពច្នៃប្រឌិត និងគិតគូរខ្ពស់ពីបរិស្ថាន ដែលមិនត្រឹមតែចូលរួមយ៉ាងសំខាន់ដល់ការបង្កើតឱកាសការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយនិរន្តរភាព
តាមការព្យាករណ៍ កម្ពុជាអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ ដោយនាំមកនូវចំណូលប្រមាណ ៥ពាន់លានដុល្លារបង្កើតឱកាសការងារប្រមាណ ១លាននាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០ ដោយអាចនាំមកនូវចំណូលសរុបប្រមាណ ១០ពាន់លានដុល្លារ បង្កើតឱកាសការងារប្រមាណ ២លាននាក់។ ដោយឡែក នៅឆ្នាំ២០១៧ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនប្រមាណ ២០ម៉ឺនាក់ ក្នុងនោះទេសចរជប៉ុនមកភ្នំពេញមានចំនួន ៧៨.៣២២នាក់ កើន២៧% និង ៨ខែ ឆ្នាំ២០១៨ នេះកម្ពុជាទទួលបានទេសចរជប៉ុនប្រមាណជាង ១៣ម៉ឺននាក់ ក្នុងនោះទេសចរជប៉ុនមកភ្នំពេញមានចំនួន ៦៩,២៧៩នាក់ កើន ១៣.៤%។
លោក ថោង ខុន បានបញ្ជាក់ថា ដើម្បីបន្តត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជប៉ុន ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំសេចក្តីព្រាង «យុទ្ធសាស្រ្តសិក្សាទីផ្សារទាក់ទាញភ្ញៀវទេសចរជប៉ុន» សំដៅទាក់ទាញ និងត្រៀមទទួលភ្ញៀវទេសចជប៉ុន ជាមួយការដាក់ចេញនូវវិធានការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេសចរណ៍ដែលមានស្រាប់ និងការទាក់ទាញវិនិយោគបន្ថែម លើការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត។
សូមបញ្ជាក់ថា ចំពោះគម្រោងវិនិយោគខ្នាតធំដោយវិនិយោគិនជប៉ុន ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សរុបមកទល់នឹងបច្ចុប្បន្ន មានចំនួន៧គម្រោង (៦គម្រោង ជាការវិនិយោគអាជីវកម្មសណ្ឋាគារ និង ១គម្រោង ជាការវិនិយោគរមណីយដ្ឋានទេសចរណ៍ (V-Pine Kirirom Resort)។
ក្រៅពីការវិនិយោគធំៗលើអាជីវកម្មសណ្ឋាគារដោយវិនិយោគគិនជប៉ុន កម្ពុជាក៏មានសណ្ឋាគារធំៗល្បីៗ ដូចជា សណ្ឋាគារ Park Hyatt, Sofitel, le Meridien, អាម៉ាន់សារា, Raffles, Marriots, Rosewood, Great Duke ជាដើម ហើយក៏មានគម្រោងវិនិយោគសណ្ឋាគារធំៗផ្សេងទៀត ទាំងនៅភ្នំពេញ សៀមរាប និងព្រះសីហនុ កំពុងដំណើរការសាងសង់ផងដែរ។ ដោយឡែក នៅតំបន់កោះក៏មានរមណីយដ្ឋានទេសចរណ៍ល្អៗជាច្រើន ដូចជា កោះសង្សារ កោះក្របី តាតៃ កោះឫស្សី កោះស្តេចជាដើម៕