(សៀមរាប)៖ រដ្ឋបាលបាលខេត្តសៀមរាប សហការជាមួយក្រសួងពាណិជ្ជកម្ម និងដៃគូពាក់ព័ន្ធ បានរៀបចំការដាក់តាំងបង្ហាញ នូវផលិតផលបន្លែ-ផ្លែឈើខ្មែរ និងផលិតផលកសិកម្មកែច្នៃដទៃទៀតលើកទី១២ ឆ្នាំ២០១៨ ដើម្បីជំរុញការប្រើប្រាស់នៅក្នុងស្រុក និងជំរុញការនាំចេញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការរៀបចំតាំងបង្ហាញផលិតផលក្នុងស្រុងនេះ ធ្វើឡើងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០១៨ ក្រោមការអញ្ជើញចូលរួមពីសំណាក់លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ង៉ាន ភិរុណ អភិបាលរងខេត្តសៀមរាប មន្ទីរ អង្គភាពក្រោមឱវាទខេត្ត យ៉ាងច្រើនកុះករ នាសួនច្បារព្រះរាជដំណាក់ ក្បែរដងស្ទឹងសៀមរាប។
លោក ង៉ាន់ ភារុណ បានថ្លែងថា ខេត្តសៀមរាប ជាខេត្តដែលមានសក្តានុពលសំខាន់ក្រៅពីទេសចរណ៍ គឺវិស័យកសិកម្ម ដែលបច្ចុប្បន្នខេត្ត មានមានផលិតផលសំខាន់ៗដូចជា៖ ស្រូវ ដំឡូងមី សណ្តែកបាយ កៅស៊ូ ក្រពើ សិប្បកម្ម ហើយផលិតផលកែច្នៃមាន ប្រហុក សាច់ក្រក ជាដើម។ ក្រៅពីផលិតផលកសិ-ឧស្សាហកម្ម ខេត្តសៀមរាប ក៍មានដំណាំរួមផ្សំដូចជា បន្លែ និងផ្លែឈើ ហើយបច្ចុប្បន្ន ផលិតផលទាំងនេះ កសិករយើងអាចផលិតបានមួយចំនួន ដែលប្រកបដោយគុណភាព សោភ័ណភាព សុវត្ថិភាព និងបានធ្វើការផ្គត់ផ្គង់មកកាន់ទីផ្សារ ប៉ុន្តែបរិមាណតម្រូវការ ចំពោះ បន្លែ និងផ្លែឈើសុវត្ថិភាពនៅមានទំហំធំ។
ក្នុងនាមអាជ្ញាធរខេត្តលោកមានសង្ឃឹមថា ការតាំងបង្ហាញ ដែលមានការចូលពីវិស័យរដ្ឋ ឯកជន សមាគម អង្គការ តំណាងសណ្ឋាគារ និងភោជនីយដ្ឋាន និងអ្នកផលិតនេពេលនេះ នឹងផ្តល់លទ្ធភាពកាន់តែប្រសើរដល់ភាគីទាំងអស់ ក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក ពិសេសជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនឡើង ព្រមទាំងអាចឈានទៅកាន់ការនាំចេញនាពេលខាងមុខ។
លោក ង៉ាន់ ភារុណ បានកត់សម្គាល់ឃើញថា មានប្រជាជនកាន់តែច្រើនឡើង ចង់បានបន្លែ និងផ្លែឈើមានសុវត្ថិភាព និងផលិតផល ក្នុងស្រុកផ្សេងៗ ទៀតដូចជា សូត្រជាដើម ដែលនេះជាសញ្ញាណដ៍ល្អ សម្រាប់ផលិតករក្នុងស្រុក ពង្រីកការដាំដុះ និងការកែច្នៃ ហើយក៍ជាភារកិច្ចរបស់មន្ទីរពាណិជ្ជកម្មនិងដៃគូពាក់ព័ន្ធទាំងអស់ធ្វើការឱ្យកាន់តែសកម្មថែមទៀត ដើម្បីឱ្យផលិតផលក្នុងស្រុក មានការកើនឡើងទាំងចំនួន បរិមាណ គុណភាព សោភណ្ឌភាព ដែលមានសមត្ថភាពប្រកួតប្រជែងបាននៅលើទីផ្សារ។
ចំណែកលោក ម៉ៅ ថូរ៉ា បានថ្លែងថា វេទិកាថ្នាក់ជាតិ ស្តីពី ការជំរុញការអភិវឌ្ឍកសិ-ពាណិជ្ជកម្មកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជារបត់ថ្មីមួយ ដែលក្រសួងពាណិជ្ជកម្ម បានដាក់ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍ សកម្មភាពពាណិជ្ជកម្មនៅមូលដ្ឋាន និងត្រូវបានរៀបចំឡើង ជារៀងរាល់ឆ្នាំ នៅតាមបណ្តារាជធានី និងខេត្តគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីតម្រូវតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃនីតិកាលទី៦នេះ ដែលបានរំលេចពីការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកស្ទួយវិស័យឯកជន ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ដើម្បីជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍កម្ពុជា ពីដំណាក់កាលមួយទៅដំណាក់កាលមួយ។
លោកគូសបញ្ជាក់ថា ក្នុងរយៈពេលជាង១ទសវត្ស ចុងក្រោយនេះ ក្រោមការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា វិស័យកសិ-ពាណិជ្ជកម្ម ត្រូវបានធ្វើទំនើបកម្មកាន់តែប្រសើរជាងមុន។ បច្ចុប្បន្ន កសិករកម្ពុជា មិនត្រឹមតែអាចផលិតបន្លែ ផ្លែឈើ និងផលិតផលកែច្នៃដទៃទៀត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានលទ្ធភាពផលិតក្នុងទ្រង់ទ្រាយធំ ជាកសិដ្ឋានផលិតតាមស្តង់ដារបច្ចេកទេសកសិកម្ម ដោយប្រើប្រាស់ឧបករណ៍ទំនើបៗ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ទាំងក្នុង និងក្រៅប្រទេស រហូតផលិតផលមួយចំនួនមានការទទួលស្គាល់កម្រិតអន្តរជាតិ តាមរយៈការចេញលិខិតបញ្ជាក់ពីស្តង់ដារកសិកម្មសរីរាង្គ (Organic) ឬការអនុវត្តតាមស្តង់ដារកសិកម្មល្អ (GAP) ជាដើម។
លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្តេជ្ញាចិត្ត ចំពោះការសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងរង្វង់ប្រមាណ៧% ក្នុងមួយឆ្នាំ។ ប្រការនេះបានជួយជំរុញកំណើនប្រាក់ចំណូលមធ្យម របស់មនុស្សម្នាក់កើនពី១,១៣៨ដុល្លារ ក្នុងឆ្នាំ២០១៤ ទៅ១,៤២៩ដុល្លារ ក្នុងឆ្នាំ២០១៧ និងតាមការព្យាករណ៍កំណើនប្រាក់ចំណូល នឹងបន្តកើនរហូត១,៥៧៩ដុល្លារ ក្នុងឆ្នាំ២០១៨នេះ៕