(បាត់ដំបង)៖ អាជ្ញាធរខេត្តបាត់ដំបង បានស្នើដល់សមាគមគមអន្ដរជាតិទីក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) ឱ្យជួយបញ្ចូលគម្រោង ជួសជុលស្ពានថ្មចាស់បុរាណ មុខសាលាខេត្ត ដែលចាស់ទ្រុឌទ្រោមខ្លាំង ដោយសារអាយុកាលច្រើនជាង១០០ឆ្នាំមកហើយ។
តាមសារអេឡិចត្រូនិកពីប្រទេសបារាំង នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឱ្យដឹងថា លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង នៅក្នុងឱកាសចូលរួមមហាសន្និបាតលើកទី៣៩ របស់សមាគមអន្តរជាតិនៃទីក្រុង ប្រើប្រាស់ភាសាបារាំងហៅកាត់ AIMF បានស្នើទៅដល់សមាគមគមឱ្យជួយបញ្ចូលគម្រោងជួសជុលកែលម្អឡើងវិញ នូវស្ពានថ្មចាស់បុរាណមុខសាលាខេត្តបាត់ដំបង ដែលមានអាយុកាលច្រើនជាង១០០ឆ្នាំ មកហើយ ដែលកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារអាកាសធាតុ ធម្មជាតិ អាយុកាល ប្រយោជន៍ថែរក្សាការពារកេរ្តិ៍តំណែលដ៏មានសារប្រយោជន៍មួយនេះ ឱ្យបានគង់វង្សដល់មនុស្សអ្នកជំនាន់ក្រោយទៀត បានឃើញស្គាល់ និងបានដឹងប្រវត្តិសាស្រ្តរបស់ខេត្តខ្លួន។
ការស្នើសុំនេះធ្វើឡើងស្របពេលដែលសមាជិកសមាគមន AIMF នៃប្រទេសជាច្រើនបើកសន្និបាតរួមគ្នានៅឯទីក្រុងលីល នៃសាធារណរដ្ឋបារាំង ដោយលើកយកជារបៀបវារសម្រាប់ត្រៀមជួបប្រជុំគ្នានៅឆ្នាំបន្ទាប់ និងចំពោះមុខ និងស្របពេលដែល AIMF បានសម្រេចជ្រើសរើសរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំបើកមហាសន្និបាតលើកទី៣៩ នៅឆ្នាំ២០១៩ ខាងមុខនេះទៀតផង។
ប្រភពផ្លូវការខាងលើបានបន្ថែមថា ក្នុងកិច្ចដំណើរការនៃមហាសន្និបាតប្រចាំឆ្នាំ២០១៨ របស់ AIMF រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០១៨ ក៏បានផ្តោតសំខាន់លើខ្លឹមសារមួយចំនួនដូចជា ការធ្វើបច្ចុប្បន្នភាពនូវបញ្ជីសមាជិករបស់ AIMF ការអនុម័តទៅលើខ្លឹមសារ របាយការណ៍មហាន្និបាតលើកទី៣៧ នៅម៉ុងរ៉េអាល់ នៃប្រទេសកាណាដា ឆ្នាំ២០១៧ ការអនុម័តលើរបាយការណ៍ សកម្មភាពឆ្នាំ២០១៧ និងការអនុម័តអនុវត្តថវិកាឆ្នាំ២០១៧ របស់សមាជិកអចិន្រ្តៃយ៍ AIMF។
សូមជម្រាបថា មហាសន្និបាតប្រចាំឆ្នាំនៅប្រទេសបារាំងនេះ គណៈប្រតិភូខាងកម្ពុជា បានចូលរួមមកពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប និងខេត្តកំពតផងដែរ៕