(កំពង់ឆ្នាំង)៖ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងពង្រឹងការធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធព្រឹត្តិកាណ៍តាំងបង្ហាញផ្សព្វផ្សាយផលិតផលកម្ពុជា-អន្តរជាតិ ដែលរៀបចំឡើងដោយក្រុមហ៊ុន ណាតតាកាន (ខេមបូឌា) នៅរសៀលថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្ថានីយចំណតរថយន្តមិត្តភាពកម្ពុជា-ជប៉ុន ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នៅក្នុងសុន្ទរកថាបើកអង្គពិធី លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា ព្រឹត្តិការណ៍នេះនឹងបង្កើតឱកាសទីផ្សារ បង្ហាញបរិយាកាសធុរកិច្ច និងសក្ដានុពលវិនិយោគល្អរបស់កម្ពុជា ព្រមទាំងពង្រឹងការអភិវឌ្ឍចង្វាក់តម្លៃផលិតផលក្នុងស្រុក ដើម្បីបង្កើតឱកាសការងារថ្មីៗជូនប្រជាជន ទប់ស្កាត់ការធ្វើចំណាកស្រុក និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។
មួយវិញទៀត ព្រឹត្តិការណ៍នេះ នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ស្ថានីយចំណតរថយន្តមិត្តភាពកម្ពុជា-ជប៉ុន ក្នុងខេត្តកំពង់ឆ្នាំង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនិធិសមាណហរណកម្មជប៉ុន-អាស៊ាន (JAIF) ថែមទៀត។
«នេះគឺជាឱកាសវិសេសវិសាលបំផុត សម្រាប់បងប្អូនកសិករ និងផលិតករ ធ្វើការតាំងបង្ហាញ និងលក់ផលិតផលសក្តានុពលរបស់ខេត្តកំពង់ឆ្នាំង ដោយសារព្រឹត្តិការណ៍នេះ នឹងស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៥ និងប្រជាពលរដ្ឋរស់នៅក្នុងទីរួមខេត្ត។ លើសពីនេះ ក៏នឹងជួយបង្កើតឱកាសធុរកិច្ច និងបង្កើនប្រាក់ចំណូលជូនប្រជាជននៅមូលដ្ឋានថែមទៀត» លោករដ្ឋមន្ត្រី បានបន្ថែម។
ទន្ទឹមគ្នានោះ លោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍តាំងបង្ហាញផ្សព្វផ្សាយផលិតផលកម្ពុជា-អន្តរជាតិ គឺជាសក្ខីភាពដែលបញ្ជាក់ច្បាស់ពីសុខសន្តិភាព និងវឌ្ឍនភាព របស់កម្ពុជា នៅក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម និងស្ថានទូតព្រះរាជាណាចក្រថៃ ដែលបានសហការរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ក្នុងខេត្តកំពង់ឆ្នាំង ដែលមានភាពល្បីល្បាញខាងសិប្បកម្មសូនក្អមឆ្នាំង និងត្រីឆ្អើរ ដោយសារមានបឹងទន្លេសាបជាជង្រុកត្រីព័ទ្ធជុំវិញ និង ផ្លូវជាតិលេខ ៥ ដែលជាច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង មានលក្ខណៈអំណោយផលសម្រាប់ការដឹកជញ្ជូនភ្ញៀវទេសចរ និងចែកចាយទំនិញ។
សូមជម្រាបថា ព្រឹត្តិការណ៍តាំងបង្ហាញផ្សព្វផ្សាយផលិតផលកម្ពុជា-អន្តរជាតិ នឹងត្រូវប្រារព្ធឡើងក្នុងរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៨ ដល់ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ធ្វើការទិញផលិតផលប្រចាំខេត្តកំពង់ឆ្នាំង និងទំនិញថៃដែលមានម៉ាកល្បីៗ។ អមជាមួយព្រឹត្តិការណ៍នេះ ក៏មានការប្រគុំតន្ត្រី និងការសម្តែងសិល្បៈដែលមានការចូលរួមពីតារាចម្រៀងរបស់កម្ពុជា ដើម្បីផ្តល់ភាពកម្សាន្តផងដែរ៕