(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស របស់រាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូសកម្មភាពមីន របស់ប្រទេសកូឡំប៊ី ដឹកនាំដោយលោកស្រី MATHA ISABEL HOTARDOGRANADA ទីប្រឹក្សាខុទ្ទកាល័យអគ្គសេនាធិការជាន់ខ្ពស់របស់ប្រធានាធិបតី នៃប្រទេសកូឡំប៊ី រួមនឹងសមាជិកអមដំណើរចំនួន២៩នាក់ទៀត ចូលជួបសម្តែងការគួរសម។
នៅក្នុងឱកាសនោះ លោកស្រីទីប្រឹក្សាខុទ្ទកាល័យអគ្គសេនាធិការជាន់ខ្ពស់ របស់ប្រធានាធិបតីប្រទេសកូឡំប៊ី បានជម្រាបជូន លោកទេសរដ្ឋមន្ត្រី មាស សុភា ថា ៖ដំណើរទស្សនកិច្ចរបស់លោកស្រី និងគណៈប្រតិភូនៅពេលនេះគឺមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ អំពីសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ហើយម្យាងវិញទៀត ដើម្បីពង្រឹងវិស័យមីនរវាងប្រទេសកូឡំប៊ី និងប្រទេសកម្ពុជា ឱ្យកាន់តែមានភាពជិតស្និទ្ធ និងរឹងមាំ។
លោកទេសរដ្ឋមន្ត្រី មាស សុភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូប្រទេសកូឡំប៊ី ដែលបានមកទស្សនកិច្ចសិក្សាស្វែងយល់ពីសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ លោកបន្តថា៖ តាមរយៈដំណើរទស្សនកិច្ចនេះ គឺបានធ្វើឱ្យយើងអាចប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងគោលបំណងពង្រីកចំណេះដឹងការងារដោះមីននេះ ឱ្យកាន់តែប្រសើរឡើងថែមទៀត៕