(ភ្នំពេញ)៖ ធនាគារ PPCBank និងក្រុមហ៊ុនកាតទូទាត់ប្រាក់ អន្តរជាតិឈ្មោះ Diners Club International បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងទទួលសិទ្ធិអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើឡើង នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ។ កិច្ចព្រមពៀងនៃការចូលរួមនៅក្នុង បណ្ដាញទំនាក់ទំនង ជាមួយ Diners Club International ផ្ដល់ឲ្យធនាគារ PPCBank នូវសិទ្ធិក្នុងការចេញកាតទូទាត់ប្រាក់ Diners Club ឲ្យទៅអតិថិជនរបស់ខ្លួនដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។
អតិថិជនរបស់ធនាគារ PPCBank នឹងត្រូវអញ្ជើញឲ្យដាក់ពាក្យ ដើម្បីទទួលយកកាតទូទាត់ប្រាក់ Diners Club Cambodia ជាមួយការ ផ្ដល់ជូនអត្ថប្រយោជន៍ពិសេសជាច្រើន រួមជាមួយនឹងបទពិសោធន៍ លំដាប់អន្តរជាតិ ក្នុងការទិញទំនិញ, ការញ៉ាំអាហារ, ការធ្វើដំណើរ, ការថែទាំសុខភាព, ការអប់រំ និងអ្វីៗជាច្រើនទៀត។ កាតទូទាត់ Diners Club Cambodia នឹងត្រូវបានទទួលស្គាល់ សម្រាប់ការទូទាត់ប្រាក់ នៅទូទាំងពិភពលោក ដែលមានជាង ២៨លានកន្លែង ជាដៃគូទទួលការទូទាត់ប្រាក់ នៅក្នុងជាង១៩០ប្រទេស។ សមាជិកកាត Diners Club Cambodia នឹងរីករាយ ក្នុងការទទួលបាននូវកម្មវិធីជាច្រើន សម្រាប់ អតិថិជន និងដៃគូពាណិជ្ជកម្ម ជាមួយការផ្ដល់ជូននូវអត្ថប្រយោជន៍ជាច្រើន ដូចជាអាចប្រើប្រាស់បណ្ដាញ កន្លែងកំសាន្តសម្រាកញ៉ាំអាហារ និងភេសជ្ជៈនៅព្រលានយន្តហោះ, ទទួលបានឋានៈជាអតិថិជនសម្រាំង និងមួយ ការផ្ដល់ជូនដ៏មានតម្លៃ នៅសណ្ឋាគារលំដាប់ខ្ពស់ៗ នៅលើពិភពលោក, បទពិសោធន៍ដែលមិនអាចបំភ្លេចបាន ក្នុងការញ៉ាំអាហារនៅក្នុងភោជនីយដ្ឋាន ល្បីឈ្មោះនៅលើពិភពលោក, និងការផ្ដល់ជូនពិសេស លើការកម្សាន្ត និងការទិញទំនិញប្រណិត។
លោក ស៊ីន ចាងមូ (Shin Chang Moo) ប្រធានធនាគារ PPCBank បានថ្លែងឲ្យដឹងថាថា «ប្រទេសកម្ពុជា គឺជាប្រទេសដែលគួរឲ្យចាប់អារម្មណ៍មួយ ហើយចំណែកសេដ្ឋកិច្ចវិញ បានបន្តរីកចម្រើនយ៉ាងរឹងមាំ ជាមួយនឹងកម្រិតប្រាក់ចំណូល កើនឡើងជាប្រចាំ។ ជាមួយនឹងនិន្នាការលេចឡើងថ្មីៗ នៅក្នុងសេវាកម្មហិរញ្ញវត្ថុ តាមរយៈទូរស័ព្ទដៃ, ឥរិយាបថនិងទស្សនវិស័យ របស់ប្រជាជនកម្ពុជា ចំពោះការចំណាយប្រាក់ បានផ្លាស់ប្តូរយ៉ាងខ្លាំង។ បច្ចុប្បន្នប្រជាជនកម្ពុជា មានឆន្ទៈចំណាយច្រើន ទៅលើផលិតផល និងសេវាកម្ម ដែលមានគុណភាព ជំនួសឲ្យការចំណាយតិច សម្រាប់ផលិតផល ឬសេវាកម្ម ដែលខ្វះការរំពឹងទុក និងតម្រូវការ»។
លោក Shin បានបន្ថែមទៀតថា «ជាមួយនឹងចំណុចទាំងនេះជាមូលដ្ឋាន ធនាគារ PPCBank តែងតែស្វែងរកឱកាស ដើម្បីធ្វើការណែនាំផលិតផល និងសេវាកម្មថ្មីៗ និងប្រកបដោយភាពច្នៃប្រឌិត ដែលអាចបំពេញតម្រូវការ ដែលកំពុងកើនឡើង។ ជាមួយនឹងកាតទូទាត់ប្រាក់ Diners Club International យើងរង់ចាំផ្តល់ជូនប្រជាជនកម្ពុជា នូវបទពិសោធន៏ផ្នែកហិរញ្ញវត្ថុថ្មី ខណៈពេលដែលពួកគាត់ ទទួលបានសិទ្ធិពិសេសៗជាច្រើន នៅទូទាំងពិភពលោក»។
លោក Joe Hurley អនុប្រធានជាន់ខ្ពស់ និងជាប្រធានអភិវឌ្ឍអាជីវកម្មជាសកល នៃក្រុមហ៊ុន Discover ក៏បានថ្លែងថា «យើងទន្ទឹងរង់ចាំដើម្បី គាំទ្រដល់ធនាគារ PPCBank ជាមួយនឹងការបើកដំណើរការកាត Diners Club Cambodia និងផ្តល់ឲ្យសមាជិកក្លឹបរបស់ពួកគេ នូវការទទួលបានការទូទាត់ប្រាក់ នៅទូទាំងពិភពលោក និងសមត្ថភាពក្នុងការទាញយកប្រយោជន៍ ពីអត្ថប្រយោជន៍ផ្តាច់មុខជាច្រើន សម្រាប់ តែសមាជិករបស់កាតDiners Club»។
លោក Joe Hurley បានបន្តទៀតថា «កិច្ចព្រមព្រៀងនេះ ស្របតាមយុទ្ធសាស្ត្ររបស់យើង ក្នុងការបង្កើតភាពជាដៃគូ ដែលមានតែមួយគត់ និងអាច បត់បែនបាននៅជុំវិញពិភពលោក»។ តាមរយៈកិច្ចព្រមព្រៀងជាមួយ Diners Club International, ធនាគារ PPCBank មានគោលបំណងផ្តល់ជូននូវផលិតផល និងសេវាកម្មល្អៗ សម្រាប់អតិថិជន ដែលកំពុងស្វែងរកប្រណីតភាព និងភាពងាយស្រួល ទាំងនៅក្នុងស្រុកនិងក្រៅប្រទេស ខណៈដែលអាចរក្សាបានទាំងគុណភាព និងកិត្យានុភាព។
ជាមួយនឹងកាតទូទាត់ប្រាក់ Diners Club Cambodia បទពិសោធន៍នៃការធ្វើដំណើរ របស់ពួកគេអាចត្រូវបានលើកកំពស់ តាមរយៈDiners Club International ដែលផ្ដល់សិទ្ធិជាពិសេស នៅទូទាំងពិភពលោក ដែលរួមមានការចូលទៅកាន់ Diners Club នៅព្រលានយន្តហោះ នៅជាង៨៥០កន្លែង នៅទូទាំងពិភពលោក។
ធនាគារ PPCBank ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៨ និងត្រូវបានទទួលស្គាល់ថា ជាធនាគារពាណិជ្ជ ដែលរីកចម្រើនលឿនបំផុតមួយ នៅក្នុងប្រទេសកម្ពុជា។ មិនមែនសំដៅតែទៅលើ ទំហំទ្រព្យសកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏សំដៅទៅលើ ការរីកចម្រើនទាំងខាងបណ្ដាញទៅដល់គោដៅ និងចំនួនអតិថិជនផងដែរ។ ដោយមានបំណងធ្វើបដិវត្ត និងបដិរូបកម្ម បទពិសោធធនាគារ នៅក្នុងប្រទេសកម្ពុជា, នៅពេលថ្មីៗនេះ ធនាគារPPCBank ទើបតែបានបង្កើត នូវផលិតផល និងសេវាកម្មជាច្រើនប្រភេទ ដោយរួមបញ្ចូលទាំងកម្មវិធីធនាគារ នៅលើទូរស័ព្ទចល័តផងដែរ ដែលមានមុខងារពេញលេញដូចជា សេវាធនាគារតាមអ៊ីនធើណែតសាជីវកម្ម ដែលមានមុខងារពេញលេញ (SmartBiz), ប្រព័ន្ធបេឡាចល័ត សម្រាប់ការពិគ្រោះយោបល់នៅនឹងកន្លែង, និងមជ្ឈមណ្ឌលផ្ដល់សេវាអតិថិជន បែបវៃឆ្លាត ដើម្បី បំរើសេវា២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្ដាហ៍។
បច្ចុប្បន្ននេះ ធនាគារ PPCBank គឺជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណពេញលេញ កំពុងដំណើរការអនុវត្តគម្រោង ធនាគារឌីជីថលរបស់ខ្លួន ដោយផ្តោតលើការណែនាំ និងកែលម្អសេវាហិរញ្ញវត្ថុចល័ត។ ទំនាក់ទំនង នៃការទទួលបានសិទ្ធិពាណិជ្ជកម្ម ជាមួយ Diners Club International នឹងក្លាយជាការបន្ថែមចុងក្រោយបំផុត ក្នុងការផ្តល់ផលិតផលថ្មី ជូនអតិថិជនរបស់ខ្លួន។
ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាទទួលបាននូវ កំណើនសេដ្ឋកិច្ចដ៏រឹងមាំហើយជាលទ្ធផល កម្រិតប្រាក់ចំណូលមានការកើនឡើង គួរឲ្យកត់សម្គាល់ ដែលនាំឲ្យប្រជាជន មានប្រាក់ចំណូលខ្ពស់ជាងមុន។ ជាមួយនឹងអត្រាកំណើនជាមធ្យម ៧.៧% ចាប់ពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០១៧ បានធ្វើឲ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុត ទី៦នៅលើពិភពលោក។ ឆ្លងតាមរយៈការព្យាករណ៍ កំណើនសេដ្ឋកិច្ច របស់ធនាគារពិភពលោក កំណើនសេដ្ឋកិច្ចនៅកម្ពុជា ត្រូវបានគេរំពឹងថា នឹងត្រូវបន្តកើនឡើង ៧% សម្រាប់ឆ្នាំ២០១៩៕