(ភ្នំពេញ)៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជារយៈពេល១១ថ្ងៃ បានសម្ដែងនូវការស្វាគមន៍ ចំពោះរាជរដ្ឋាភិបាល ដែលបានបង្កើនថវិកា សម្រាប់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ។
លោកស្រី រ៉ូណា ស្មីត ក៏បានលើកទឹកចិត្តឲ្យរាជរដ្ឋាភិបាល មានការបង្កើនឡើងឲ្យបានច្រើនថែមទៀត ដែលជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ កាន់តែជួយបម្រើដល់មនុស្សទាំងអស់ ដែលត្រូវការផ្នែកច្បាប់ នៅក្នុងពេលខាងមុខឆាប់ៗនេះ។
អ្នករាយការណ៍ពិសេសរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំក៏សូមស្វាគមន៍ផងដែរ ដល់ការបង្កើនថវិកាសម្រាប់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ ហើយខ្ញុំនៅតែលើកទឹកចិត្ត ឲ្យមានការបង្កើនឡើងឲ្យបានច្រើនថែមទៀត ដែលជំនួយផ្នែកច្បាប់ដល់ជនក្រីក្រ កាន់តែជួយបម្រើដល់មនុស្សទាំងអស់ ដែលត្រូវការវា»។
លោកស្រីបានគូសបញ្ជាក់ថា ជំនួយផ្លូវច្បាប់ដែលអាចរកបានសម្រាប់អ្នកដែលមានតម្រូវការ គឺជាជំហានដ៏មានសារសំខាន់មួយ ក្នុងការធានាសិទ្ធិទទួលបានសេវាយុត្តិធម៌សម្រាប់ ទាំងអស់គ្នា ហើយក្នុងករណីនេះ វឌ្ឍនភាពក្នុងការបង្កើតគោលនយោបាយជំនួយផ្នែកច្បាប់ សម្រាប់ជនក្រីក្រ តាមរយៈដំណើរការតាក់តែងដែលមានលក្ខណៈពិគ្រោះយោបល់ និងការចូលរួមកំពុងតែទទួលបានការលើកទឹកចិត្ត ខណៈដែលលោកស្រី រង់ចាំពីការអនុម័តឲ្យបានឆាប់នូវគោលនយោបាយនេះ។
បន្ថែមពីនេះលោកស្រី រ៉ូណា ស្មីត បានគូសបញ្ជាក់ថា សិទ្ធិទទួលបានសេវាយុត្តិធម៌ ក៏ទាមទារឲ្យមានសវនាការបានឆាប់រហ័ស ហើយលោកស្រីបារម្ភពីពេលវេលាដែលត្រូវបើកសវនការ និងចំនួនដ៏ច្រើនលើសលុប នៃអ្នកជាប់ឃុំបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ។
លោកស្រី ចង់ការប្រើប្រាស់ការឃុំខ្លួនបណ្ដោះអាសន្ន តែនៅពេលណាចាំបាច់បំផុត ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ និងការចងក្រងដោយប្រុងប្រយ័ត្ន ពីការប្រើប្រាស់ការឃុំខ្លួនបណ្ដោះអាសន្ន និងការពិនិត្យឡើងវិញឲ្យបានទៀងទាត់ ពីតម្រូវការចាំបាច់ក្នុងការប្រើប្រាស់ការឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងករណីនីមួយៗ៕