(សិង្ហបុរី)៖ បន្ទាប់ពីវិលត្រលប់ពីការសម្តែង រួមជាមួយដំណើរកំសាន្តនៅអឺរ៉ុប តារាចម្រៀងជួមុខកញ្ញា មាស សុខសោភាហាក់នៅមិនទាន់អស់ចិត្ត នៅឆ្លៀតបង្ហោះវីដេអូផ្ញើរ Fan របស់ខ្លួន ប្រាប់អំពីដំណើរកំសាន្តរបស់ខ្លួន នៅឯប្រទេសសិង្ហបុរី តាមរយៈ facebook pageនៃកម្មវិធីស្នាដៃកូនខ្មែរ សម្រាប់មាស សុខសោភា។
តាមរយៈវីដេអូខ្លី១នាទីនោះ កញ្ញា មាស សុខសោ បានបង្ហាញអារម្មណ៍រំភើប ដោយកម្មវិធីស្នាដៃកូនខ្មែរ សម្រាប់ មាស សុខសោភា ដែលជាកម្មវិធីក្រកួតប្រជែង ស្នាដៃតែងនិពន្ធបទភ្លេង និងទំនុកច្រៀងទទួល បានការគាំទ្រពីសំណាក់បងប្អូនកវីនិពន្ធខ្មែរទូទាំងប្រទេស ដោយកម្មវិធីទទួលបានបទចម្រៀងរហូតដល់ជិត២០០បទ ដែលសុទ្ធសឹងតែជាបទដែលល្អៗ។
ការទទួលបាននេះ គឺជាមោទនភាពមួយរបស់កម្មវិធី តែក៏ផលលំបាកមួយរបស់កញ្ញា ដោយកម្មវិធីតម្រូវឲ្យ កញ្ញា រើសយកបទតែ៥តែប៉ុណ្ណោះ សម្រាប់ឲ្យកញ្ញាបកស្រាយ បន្ទាប់មកបង្ហោះតាមរយៈបណ្តាញសង្គម ទុកឲ្យមហាជន ជាអ្នកវាយតម្លៃ ដើម្បីស្វែងរកជយលាភី។
ដើម្បីផ្តល់ភាពសុក្រិត និងជាជំនួយយ ក្នុងការសម្រចចិត្តរើសបទចម្រៀងកម្មវិធី បានអញ្ជើញគណៈកម្មការ ២រូបទៀត គឺ លោក THO MEET អ្នកនិពន្ធបទភ្លេង និងសម្រួលតន្រ្តី ដែលមានបទពិសោធន៍ លើវិស័យសិល្បៈចម្រៀងជិត១០ឆ្នាំ និងលោក សោម ដូរេ កវីនិពន្ធដើរលើវិថីតែងនិពន្ធ១០ឆ្នាំ ម្ចាស់បទ «លើលោកនេះខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ» ដែលជាបទទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនខ្មែរគ្រប់វ័យ មកចូលរួមកាត់សេចក្តីរើសបទចម្រៀង។
គួរបញ្ចាក់ផងដែរ ថាកម្មវិធីប្រកួតប្រជែងមួយនេះ បានបើកទទួលស្វាគមន៍ស្នាដៃតែងនិពន្ធគ្រប់ទម្រង់នៃបទចម្រៀង ដែលជាបទចម្រៀងថ្មី មិនចម្លងរយៈ១ខែពេញនៃខែតុលា ដោយបេក្ខជនអាចផ្ញើស្នាដៃរបស់ខ្លួន មកកាន់ Email ឬ Facebook Pageនៃកម្មវិធី ដែលផ្តល់ភាពងាយស្រួល ដល់បេក្ខជនក្នុងការដាក់ពាក្យចូលប្រកួត ហើយនេះក៏ជាគំនិតផ្តួចផ្តើមរបស់ កញ្ញា មាស សុខសោ ក្នុងគោលបំណងលើកស្ទួយវិស័យសិល្បៈចម្រៀងខ្មែរ ក៏ដូចជាផ្តល់ឱកាសឲ្យអ្នកនិពន្ធខ្មែរ ដែលមានសមត្ថភាព តែមិនមានឱកាស បានបង្ហាញស្នាដៃរបស់ខ្លួនតាមកម្មវីធី ជាពិសេស គឺតាមរយៈសំនៀងរបស់កញ្ញាផ្ទាល់ ៕