(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអង្គការមូលនិធិច្នៃប្រឌិតសកល និងសហគ្រិនភាពនៃប្រទេសម៉ាឡេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍឧស្សាហកម្មឬស្សីនៅកម្ពុជា។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។
លោករដ្ឋមន្ត្រីកសិកម្មបានចាត់ទុកថា ការចុះ MoU រួមគ្មានេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបើកទូលាយ និងលើកទឹកចិត្តដល់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស ដើម្បីធ្វើការអភិវឌ្ឍវិស័យកសិកម្ម។
លោកបន្តថា ក្រសួងបានរៀបចំគោលនយោបាយ អភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ ដែលបានផ្តល់អាទិភាពទៅលើអនុវិស័យជាច្រើនសំខាន់ៗ ក្នុងចំណោមនោះ គឺការអភិវឌ្ឍសហគមន៍ព្រៃឈើ តាមរយៈការធ្វើកសិកម្មចម្រុះ ក្នុងគោលបំណងចំបង គឺបង្កើនផលិតភាពផលិតកម្មកសិកម្ម និងផលិតកម្មឬស្សី ដែលជាមុខរបរមួយថ្មី អាចជួយបង្កើតការងារ ជូនប្រជាសហគមន៍ព្រៃឈើ។
គម្រោងនេះក៏ដើម្បីឲ្យប្រជាពលរដ្ឋដែលមានធនធានឬស្សី បង្កើនចំណូលគ្រួសារ កាត់បន្ថយការពឹងអាស្រ័យផល និងអនុផលព្រៃឈើ ការបរបាញ់ និងកាត់បន្ថយចំណាកស្រុក តាមរយៈការបង្កើនពង្រឹង និងពង្រីកផលិតកម្មកែច្នៃឬស្សីរបស់កម្ពុជា ឲ្យមានផលិតភាពនិងគុណភាព សម្រាប់ប្រើប្រាស់ក្នុងស្រុក និងធ្វើការនាំចេញ។
លោក វេង សាខុន បញ្ជាក់ថា «គោលដៅរបស់យើង សហគមន៍ព្រៃឈើជាអ្នកដាំដុះ ក្នុងគោលបំណងបង្កើនគម្របព្រៃឈើ និងបង្កើនចំណូលដល់សមាជិក សហគមន៍ព្រៃឈើ តាមរយៈការលក់ឬស្សីដល់ក្រុមហ៊ុនម៉ាឡេស៊ី ជាអ្នកប្រមូលទិញក្នុងកែច្នៃ»។
បើតាមលោករដ្ឋមន្ត្រីតាមកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍឧស្សាហកម្មឬស្សីនេះ ក្រសួងកសិកម្មមានផែនការដាំដុះឬស្សី នៅខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បាត់ដំបង និងកោះកុង។ លោករដ្ឋមន្ត្រីបញ្ជាក់ថា ឬស្សីនោះនឹងយកទៅកែច្នៃធ្វើជាកន្សែងជូតខ្លួន, ឧបករណ៍សំភារប្រើប្រាស់នៅក្នុងផ្ទះ និងក្នុងការិយាល័យ, គ្រឿងសង្ហរឹម។ល៕