(ចិន)៖ ក្រុមអ្នករុករកតំបន់ទឹកកកអាក់ទិកទី៩ របស់ប្រទេសចិន បានបញ្ចប់បេសកកម្មស៊ើបអង្កេតមួយចំនួន ក្នុងដំណើររុករករយៈពេល៦៩ថ្ងៃ កាលពីពេលថ្មីៗនេះ។ ពួកគេបានបើកទំព័រប្រវត្តិសាស្ត្រ លើការប្រើប្រាស់ឧបករណ៍ថ្មីមួយ ដែលប្រើសម្រាប់ចាប់រលកសញ្ញា។
នាវាឆ្លងកាត់ទឹកកក សៀរឡុង ដែលមានន័យថា នាគទឹកកក បានដឹកជញ្ជូនក្រុមអ្នកស្រាវជ្រាវជាង១៣០នាក់ ហើយបានធ្វើដំណើរអស់រយៈចម្ងាយជាង២៣,១៥០គីឡូម៉ែត ក្នុងអំឡុងពេលរុករក។ ក្នុងនោះ ផ្លូវចម្ងាយ៧,០៣៧គីឡូម៉ែត បានឆ្លងកាត់ទឹកកកនៅប៉ែកខាងជើង។
ឧបករណ៍ជ្រមុជទឹក របស់ក្រុមអ្នកស្រាវជ្រាវនេះ បានបញ្ចប់ការស៊ើបអង្កេតបែបវិទ្យាសាស្ត្រ ជាលើកដំបូងបង្អស់របស់ខ្លួន នៅក្នុងសមុទ្រ ប៊ែររីង (Bering) កាលពីថ្ងៃទី១០ កញ្ញា ដោយបានកត់ត្រាកម្រិតសីតុណ្ហភាព កម្រិតជាតិអំបិល និងជម្រៅទឹកសមុទ្រ នៅជាង២០០ទីតាំង។
លោក ជិន ហុងសៀរ អ្នកស្រាវជ្រាវ ក្រុមរុករកតំបន់អាក់ទិកទី៩ បាននិយាយថា «យើងបានប្រមូលទិន្នន័យដ៏ច្រើន ដែលបង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់ការស្រាវជ្រាវរបស់យើង អំពីម៉ាស់នៃទឹក ព្រមទាំងលំហូរជារួមរបស់បាតសមុទ្រ នៃសមុទ្រប៊ែររីង ជាពិសេសគឺលំហូរទឹក នៅតាមគែមនៃជ្រោយទ្វីបតែម្តង»។
លើសពីនេះ ក្រុមអ្នករុករក ក៏បានស៊ើបអង្កេតលើការបំភាយឧស្ម័នកាបូន អត្រាខុសៗគ្នានៃធាតុកាបូនដែលកប់នៅក្នុងសមុទ្រ នៅឯប៉ែកខាងលិច នៃមហាសមុទ្រអាក់ទីក ដោយគេបានដាក់ឧបករណ៍វាស់ស្ទង់ចំនួន៣គ្រឿង នៅឯជ្រោយសមុទ្រឈូកឈី ដែលស្ថិតនៅចន្លោះប្រទេសរុស្ស៊ី និង សហរដ្ឋអាមេរិក។
លោក ជ័ង យ៉ានភ័យ ប្រធានក្រុមគីមីសាស្ត្រ ក្រុមរុករកតំបន់អាក់ទីកទី៩ បានប្រាប់ថា «ក្រោយពីបានវិភាគរួច យើងអាចសន្និដ្ឋានបានថា មានចលនាដ៏ខ្លាំងមួយ នៃធាតុកាបូន ដែលលាតសន្ធឹងពាសពេញជ្រោយ នៃទ្វីបតែម្តង នៅឯប៉ែកខាងលិចនៃមហាសមុទ្រអាក់ទីក»។
ចលនានៃធាតុកាបូន នៅពាសពេញជ្រោយទ្វីប សបញ្ជាក់ឲ្ឃើញថា ស្តុកនៃធាតុកាបូននៅឯប៉ែកខាងលិច នៃមហាសមុទ្រអាក់ទីក កំពុងកើនឡើង ប្រឆាំងនឹងការឡើងកំដៅផែនដី។ បើទោះជាប្រទេសចិន មិនមានព្រំដែនជាប់នឹងតំបន់អាក់ទីកក៏ដោយ ក៏ចិនបានចូលរួមយ៉ាងសកម្មទៅលើការពិភាក្សា ស្ដីអំពីការអភិវឌ្ឍន៍នៃវិស័យដឹកជញ្ជូន និងការជីកយកធាតុរ៉ែ នាពេលអនាគត។
កាលពីខែមករាកន្លងទៅ រដ្ឋាភិបាលចិន បានចេញផ្សាយគោលនយោបាយអាក់ទីករបស់ខ្លួន ដែលសង្កត់ធ្ងន់ ទៅលើជំនឿរបស់ប្រទេសចិន ដែលថាតំបន់អាក់ទីក គឺជាទីតាំងដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់សហគមន៍អន្តរជាតិទាំងមូល។ រដ្ឋាភិបាលចិន ក៏បានកំណត់គោលដៅ និងគោលជំហររបស់ប្រទេសចិន ចំពោះការប្រើប្រាស់ ការអភិវឌ្ឍ និងការរុករកនៅតំបន់អាក់ទីកផងដែរ៕ (សារព័ត៌មាន CCTV របស់ចិន)