(ចិន)៖ ទីក្រុងដែលផលិតថាមពល ចេញពីធ្យូងថ្មដ៏ធំមួយនៅប្រទេសចិន បានដាក់បំរាមលើការដុតធ្យូងថ្ម នៅតាមតំបន់ទីប្រជុំជនក្នុងទីក្រុង ក្នុងគោលបំណងចង់ធ្វើឲ្យគុណភាពខ្យល់នៅទីនោះ មានភាពល្អប្រសើរឡើងវិញ។
អ្នកស្រី យ៉ាវ ជីនលាន និងក្រុមគ្រួសាររបស់គាត់ បានរស់នៅក្រុងតាថុង (Datong) អស់រយៈពេលជាច្រើនទស្សវត្សមកហើយ។ នៅខែរងារនេះ គាត់បានទិញកង្ហារកម្ដៅ ដើម្បីកម្ដៅផ្ទះ។ កាលពីមុនអ្នកស្រី និងអ្នកភូមិឯទៀត តែងតែដុតធ្យូងថ្ម នៅពេលចង់កម្ដៅផ្ទះ។
អ្នកស្រី យ៉ាវ ជីនលាន ប្រជាពលរដ្ឋក្រុងតាថុង បាននិយាយថា «ខ្ញុំប្រើកង្ហារកម្ដៅ សម្រាប់ខែរងារ។ វាល្អប្រើមែន។ តំបន់គ្មានធ្យូងថ្ម នៃក្រុងតាថុង លាតសន្ធឹងលើផ្ទៃដីទំហំជាង១០០គីឡូម៉ែតការ៉េ។ ការរក្សាលក់ និងប្រើប្រាស់ធ្យូងថ្ម ត្រូវបានហាមប្រាមនៅតំបន់នេះ ហើយមានតែរោងចក្រផលិតថាមពលមួយចំនួនប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យដុតធ្យូងថ្ម»។
នៅក្រុងតាថុង វាមិនមែនជារឿងថ្មីអ្វីនោះទេ។ ការប្រើប្រាស់ធ្យូងថ្ម ត្រូវបានកំណត់ នៅតាមទីប្រជុំជនមួយរយៈមកហើយ ហើយក្នុងអំឡុងពេល៥ឆ្នាំកន្លងទៅនេះ ម៉ាស៊ីនដុតធ្យូងថ្មជិត១ពាន់គ្រឿង ត្រូវបានរើចេញ។ ដោយសារមានការកំណត់ចំនួនធ្យូងថ្ម ដែលអនុញ្ញាតឲ្យដុតបាន ទីតាំងកាន់តែច្រើនកន្លែង កំពុងត្រូវបានដាក់បញ្ចូល ទៅក្នុងប្រព័ន្ធកម្ដៅសហគមន៍មជ្ឈការមួយនាអំឡុងខែរងារ។
លោក ចាង ហាយ ប្រធានក្រុមវិស្វករ មន្ទីរការពារបរិស្ថានក្រុង តាថុង បានឲ្យដឹងថា «យើងមានប្រព័ន្ធកម្ដៅសហគមន៍មជ្ឈការ។ នៅតាមតំបន់ទីប្រជុំជន ដែលនៅកណ្តាលក្រុង វាមានអត្រានៃការប្រើប្រាស់ប្រព័ន្ធនេះ ខ្ពស់ណាស់។ យើងប្រើកម្ដៅដែលភាយចេញពីម៉ាស៊ីនកម្ដៅ និងម៉ាស៊ីនផលិតថាមពល សម្រាប់ផ្គត់ផ្គង់ហ្គាស ជូនដល់ប្រជាពលរដ្ឋ»។
បើទោះជាគេនៅអនុញ្ញាតឲ្យរោងចក្រផលិតថាមពលអាចប្រើធ្យូងថ្ម ដើម្បីផលិតកម្ដៅសម្រាប់ប្រើក្នុងប្រព័ន្ធកម្ដៅ សហគមន៍មជ្ឈការក៏ដោយ ក៏រោងចក្រទាំងនោះ ត្រូវគោរពតាមស្តង់ដាដែលកំណត់ ឲ្យបំភាយផ្សែង ក្នុងកម្រិតទាបបំផុត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ កត្តានេះ បានជួយកាត់បន្ថយធាតុល្អិតតូចៗ ដែលបង្ករគ្រោះថ្នាក់ដល់មនុស្សនៅក្នុងតំបន់នេះ។ ធាតុល្អិតនោះ មានឈ្មោះថា PM 2.5។
លោក ចាង ហាយ ប្រធានក្រុមវិស្វករ មន្ទីរការពារបរិស្ថានក្រុង តាថុង បាននិយាយថា «ចាប់ពីខែមករាដល់ខែតុលា ការប្រមូលផ្ដុំនៃធាតុ PM 2.5 ជាមធ្យមនៅតំបន់របស់យើងនេះ មានចំនួន៣៣ម៉ៃក្រូក្រាម ក្នុងមួយម៉ែតគូប។ ខ្ញុំយល់ថា ចំនួននេះ គឺពិតជាលទ្ធផលល្អណាស់»។
នៅក្នុង «តំបន់គ្មានធ្យូងថ្ម» រោងចក្រខ្លះ បានប្តូរម៉ាស៊ីនដុតធ្យូងថ្ម ហើយងាកទៅប្រើម៉ាស៊ីនដុតឧស្ម័នវិញ។ ប៉ុន្តែបើទោះជារដ្ឋាភិបាលផ្តល់ជំនួយក៏ដោយ ក៏រោងចក្រទាំងនោះ នៅតែយល់ថា ម៉ាស៊ីតដុតឧស្ម័ន គឺជាបន្ទុកដល់ពួកគេដដែល។
លោក លីយូ លានស៊ី អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនគ្រឿងចក្រ និងគ្រឿងអេឡិចត្រូនិច សានស៊ី តុងហួរ បានឲ្យដឹងផងដែរថា «អាជីវកម្មរបស់យើង កំពុងស្ថិតក្នុងស្ថានភាពលំបាក ហើយប្រាក់ចំនូលពីអាជីវកម្មរបស់យើង ក៏មិនសូវល្អដែរ»។
ការបង្កើត «តំបន់គ្មានធ្យូងថ្ម» ផ្តល់ប្រយោជន៍ល្អដល់គុណភាពខ្យល់ ប៉ុន្តែបញ្ហាគឺនៅត្រង់ថា ប្រភពថាមពលផ្សេង ដែលខុសពីធ្យូងថ្ម តម្រូវឲ្យប្រជាពលរដ្ឋចំណាយប្រាក់ច្រើន។ អ្នកជំនាញនិយាយថា ឧបសគ្គមួយ ដែលរដ្ឋាភិបាលថ្នាក់តំបន់កំពុងជួបប្រទះនោះ គឺការថ្លឹងថ្លែងរវាងផលប្រយោជន៍ នៃការការពារបរិស្ថាន និង ការប្រើប្រាស់ប្រភពថាមពលកម្ដៅផ្សេង ដែលមានតម្លៃសមរម្យ៕ (សារព័ត៌មាន CCTV របស់ចិន)