(ភ្នំពេញ)៖ លោក George Edgar ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានពន្យល់ថា រឿងប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) និងការផ្តល់ជំនួយដល់កម្ពុជា គឺជារឿង២ផ្សេងគ្នា។ ជាមួយគ្នានេះ លោកអះអាងថា អឺរ៉ុបកំពុងតែអនុវត្តកម្មវិធីផ្តល់ជំនួយសម្រាប់អភិវឌ្ឍកម្ពុជានេះយ៉ាងល្អប្រសើរ ព្រោះមិនទាន់ឃើញមានមូលហេតុណា ដែលមិនគួរបន្តទៀតនោះទេ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងពេលចុះពិនិត្យគម្រោងនានា នៅខេត្តព្រៃវែង និងស្វាយរៀង នាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងថា ថវិការបស់ EU គឺមាន២ប្រភេទគឺ ថវិកាមួយប្រភេទ គឺសម្រាប់ផ្តល់ដល់រដ្ឋាភិបាល តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។ ថវិកាប្រភេទនេះគឺសម្រាប់ផ្តល់ទៅលើគម្រោងធំៗ ដូចជាគម្រោងទៅវិស័យនេសាទ ការចិញ្ចឹមសត្វ គម្រោងសម្រាប់ការគាំទ្រវិស័យអប់រំនៅកម្ពុជា ហើយកិច្ចព្រមព្រៀងនេះបច្ចុប្បន្ន គឺបានគ្រោងថវិការួចរាល់ហើយ ដោយថវិកាដែលមានគឺមានរហូតដល់ឆ្នាំ២០២០។
ចំណែកថវិកា១ប្រភេទទៀត ត្រូវបានលោក George Edgar បញ្ជាក់ថា គឺផ្តល់ទៅដល់អង្គការសង្គមស៊ីវិល ហើយការផ្តល់ទៅលើសង្គមស៊ីវិលនេះ គឺវាអាស្រ័យទៅតាមប្រភេទវិស័យដែលសហភាពអឺរ៉ុបគាំទ្រ នៅតាមដំណាក់កាលថវិកាមួយៗ ដូច្នេះយើងនឹងប្រកាសឱ្យ អង្គការសង្គមស៊ីវិលដាក់សំណើរមកសហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុប និងជ្រើសរើសសំណើរទាំងឡាយណា ដែលត្រូវគ្នាជាមួយនឹងវិស័យជាអតិភាព ជាមួយនឹងវដ្តថវិកាមួយនឹង ហើយជារួមថវិកាសម្រាប់សង្គមស៊ីវិលមានមិនច្រើនទេ គឺមានកំណត់ ហើយពេលវេលាសម្រាប់អនិវត្តន៍គម្រោងនោះក៏មានកំណត់ដែរ ហើយនៅពេលដែលគម្រោងត្រូវបានបញ្ចប់ គឺគម្រោងនោះត្រូវតែបញ្ចប់ ហើយចំពោះគម្រោងត្រូវបានបន្តទៀត ឫអត់នោះគឺអាស្រ័យទៅលើអតិភាពសម្រាប់ជុំថវិកាបន្ទាប់។
លោកបានបញ្ជាក់ទៀតថា «ចំពោះរឿង EBA និងរឿងផ្តល់ជំនួយពីសហភាពអឺរ៉ុបដល់ប្រទេសកម្ពុជា គឺវាជារឿង២ដាច់ដោយឡែកពីគ្នា ហើយនៅក្នុងដំណើរទស្សនកិច្ចនេះ គឺផ្តោតទោះលើគម្រោងដែលទទួលបានថវិកា ជាផ្នែកមួយនៃកម្មវិធីកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលកម្ពុជា ដូចនេះកម្មវិធីទាំងអស់នេះគឺអាស្រ័យទៅលើកិច្ចព្រមព្រៀម ដែលយើងមានជាមួយរដ្ឋាភិបាល ហើយយើងជឿថាតាមរយៈកម្មវិធីទាំងអស់នេះ និងជួយគាំទ្រដល់ប្រទេសកម្ពុជារយៈពេលវែង ដែលជាអ្វីដែលគ្រប់គ្នាចង់ឃើញផងដែរ»៕