(កំពង់ចាម)៖ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារ ចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី នៅក្នុងពិធីជួបជុំសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងសប្បុរសជន នៅក្នុងបរិវេណវត្តសុទិបារាម ហៅវត្តបឹងទីង ស្ថិតក្នុងភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្នុងពិធីនោះ លោកមេឃុំទងត្រឡាច និងលោកស្រី លី ច័ន្ទវណ្ណា បានរាយការណ៍អំពីប្រវត្តិ និងគោលបំណងនៃការផ្តួចផ្តើមមូលមតិគ្នា ជាឯកច្ឆ័នដង្ហែអង្គកឋិនមហាសាមគ្គី ដើម្បីប្រមូលបច្ច័យដង្ហែវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តសុទិបារាម ដើម្បីបន្តការកសាងសមិទ្ធិផលនានាក្នុងវត្តសុទិបារាម ឲ្យបានស័កសមជាទីកន្លែងគោរពសក្ការៈបូជា របស់ប្រជាពលរដ្ឋ។
លោកឧកញ៉ា ឡូវ ហ៊ឹង បានថ្លែងថា ក្នុងនាមលោក ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណដល់សប្បុរសជន ដែលប្រកបដោយសទ្ធាជ្រះថ្លា ឆ្លើយតបទៅនឹងការអំពាវនាវ របស់លោក ហ៊ុន ម៉ាណែត និងលោកឧកញ៉ា ក្នុងការផ្តួចផ្តើមកសាងក្លោងទ្វារ វត្តសុទិបារាម ហៅវត្តបឹងទីង ឲ្យមានភាពរឹងមាំ និងស្រស់ត្រកាលជាងមុន សម្រាប់ជាគុណប្រយោជន៍ ទៅថ្ងៃអនាគត។
លោកឧកញ៉ា ឡូវ ហ៊ឹង បានបញ្ជាក់ថា សទ្ធាជ្រះថ្លាទាំងនេះ គឺជាការចាប់ផ្តើមកសាងបន្ទាប់ពីទទួលបានថវិកានាពេលនេះ ក្នុងតម្លៃសរុប១.៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
លោកឧកញ៉ាបន្ដថា សប្បុរសជន ដែលបានចូលរួមបច្ច័យ កសាងក្លោងទ្វារ វត្តសុទិបារាមនេះ រួមមាន៖ លោក អ៊ឹង គៀនតុង និងលោកស្រី លី ច័ន្ទវណ្ណា ២ពាន់ដុល្លារអាមេរិក, លោកឧកញ៉ា អ៊ឹង លីហេង និងលោកស្រី កាំង ហ្គិចលាង ២ពាន់ដុល្លារអាមេរិក, លោក គង់ ថុង និងលោកស្រី ហេង គៀនចន្ទ្រា ១ពាន់ដុល្លារអាមេរិក, លោក ឆាយ ហុក ១ពាន់ដុល្លារអាមេរិក, ឧបាសក លឹម ឡាងហ៊រ ១ពាន់ដុល្លារអាមេរិក និងសប្បុរសជនមួយចំនួនទៀត។
សរុបបច្ច័យនាឱកាសនោះ បាន៧ពាន់ដុល្លារអាមេរិក គឺជាការចាប់ផ្តើមដំណើរការសាងសង់ ក្លោងទ្វារទីអារាម វត្តសុទិបារាម ហៅវត្តបឹងទីង ក្នុងតម្លៃសរុប នៃការសាងសង់ក្លោងទ្វារនេះ ត្រូវចំណាយថវិកាអស់ចំនួន ១.៥ម៉ឺនដុល្លារអាមេរិក។
គួសបញ្ជាក់ថា ពិធីខាងលើនេះ គឺធ្វើឡើងស្របពេល ទៅនឹងការប្រារព្ធពិធីជួបជុំ អ្នកផ្តើមបុណ្យកឋិនទាន និងពុទ្ធសាសនិកជនជិតឆ្ងាយ ដើម្បីប្រារព្ធពិធីក្រុងពាលី ធ្វើបទនមស្សការ ព្រះរតនៈត្រៃ សមាទានសីល និមន្ត ព្រះសង្ឃចំរើនព្រះបរិត្ត និងសម្តែងធម្មទេសនា ដើម្បីទទួលអង្គកឋិនទាន ដង្ហែវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តសុទិបារាម ក្នុងភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ៕