(ភ្នំពេញ)៖ លោក George Edgar ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានថ្លែងថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច ចុះពិនិត្យគម្រោងនានានៅខេត្តព្រៃវែង និងស្វាយរៀង រួចមកឃើញថា អ្វីដែលសហភាពអឺរ៉ុបបានជួយនេះ ពិតជានាំឱ្យមានការផ្លាស់ប្តូរល្អប្រសើរជាងមុនពិតប្រាកដមែន ហើយជាពិសេសបានធ្វើឱ្យជីវិតពលរដ្ឋក្រីក្រ ដែលងាយរងគ្រោះនោះ មានជីវភាពល្អប្រសើរជាងមុនពិតប្រាកដមែន។
លោកឯកអគ្គរដ្ឋទូតបានថ្លែងយ៉ាងដូចនេះ បន្ទាប់ពីលោកបានដឹកនាំក្រុមអ្នកសារព័ត៌មាន ចុះពិនិត្យគម្រោងនានានៅខេត្តព្រៃវែង និងស្វាយរៀង នាថ្ងៃទី០៦ដល់០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបបានថ្លែងថា បន្ទាប់ពីចុះមកទស្សនកិច្ចផ្ទាល់ នូវគម្រោងជំនួយអភិវឌ្ឍន៍ ដែលសហភាពអឺរ៉ុបផ្តល់ដល់ប្រទេសកម្ពុជានេះ លោកពិតជាចាប់អារម្មណ៍ខ្លាំងណាស់ នូវដំណើរទស្សនកិច្ចនេះ ហើយអ្វីដែលមើលឃើញនេះ គ្រាន់តែជាផ្នែកតូចមួយ នៃសកម្មភាពសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប ជាមួយប្រទេសកម្ពុជា ហើយអ្វីដែលសំខាន់សម្រាប់រូបលោក នៅក្នុងដំណើរទស្សនកិច្ចនេះ គឺបានមើលឃើញ និងបានយល់ថា អ្វីដែលសហភាពអឺរ៉ុបបានធ្វើនេះ ពិតជានាំឱ្យមានការផ្លាស់ប្តូរល្អប្រសើរជាងមុនពិតប្រាកដមែន ជាពិសេសនោះ គឺថាវាបានធ្វើឱ្យជីវិតពលរដ្ឋក្រីក្រ ដែលងាយរងគ្រោះនោះ គឺមានជីវភាពល្អប្រសើរជាងមុនពិតប្រាកដមែន។
លោកបានបញ្ជាក់ទៀតថា លោកពិតជារីករាយណាស់ ដោយសារតែនៅក្នុងកិច្ចប្រជុំទាំងអស់ ដែលលោកបានចុះធ្វើទស្សនកិច្ចនេះ គឺអ្នកចូលរួមសប្បាយចិត្តជាមួយ និងសកម្មភាពរបស់សហភាពអឺរ៉ុប នៅក្នុងគម្រោងទាំងអស់នេះ ហើយអ្វីដែលពិសេសនោះ គឺបានឃើញកុមារ និងយុវជន អាចចូលរួមក្នុងសេចក្តីសម្រេចចិត្តរបស់អាជ្ញាធរឃុំ ដោយពួកគេមានចិត្តក្លាហាន មានសេចក្តីតាំងចិត្ត និងពូកែនិយាយចេះរៀបរាប់ពីបញ្ហារបស់ពួកគេផងដែរ។
សូមបញ្ជាក់ដែរថា សហភាពអឺរ៉ុបបានអនុវត្តន៍ ក្នុងវដ្តថវិការយៈពេល៧ឆ្នាំ ដោយគិតពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២០ ដែលគម្រោងទាំងអស់នេះមានថវិកាសរុប៤១០លានអឺរ៉ូ ដែលស្មើនឹងប្រមាណ ៤៥៧.៣លានដុល្លារ ដែលគម្រោងទាំងនេះផ្តោតទៅលើវិស័យចំនួន ៣គឺ ទី១៖ កាគាំទ្រដល់កំណែទម្រង់ការអប់រំ នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ ទី២៖ វិស័យកសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ វិស័យជលផល និងវារីវប្បកម្ម ទី៣៖ វិស័យអភិបាលកិច្ច ដែលផ្តោតសំខាន់ទៅលើ កំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដំណើរការវិមជ្ឈការ សម្រាប់ជួយដល់ប្រទេសកម្ពុជាផងដែរ៕