(បន្ទាយមានជ័យ)៖ រដ្ឋបាលក្រុងប៉ោយប៉ែត នឹងរៀបចំប្រារព្វពិធីបុណ្យអុំទុក រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការដឹកនាំពីលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត រួមនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។

លោក សាន ស៊ានហូ បានបញ្ជាក់ថា ការប្រារព្ធពិធីប្រកបដោយអត្ថន័យមួយនេះ ស្តែងឡើងពីស្មារតីជួយឧបត្ថម្ភគាំទ្ររបស់បណ្ដាអង្គភាពរដ្ឋ វិស័យឯកជន សប្បុរសជននានា និងមានការចូលរួមដោយផ្ទាល់របស់កីឡាករប្រណាំងទូក ដែលបានសម្ដែងចេញពីមនសិកាស្នេហាកីឡាប្រណាំងទូក ដែលជាប្រពៃណី វប្បធម៌ជាតិតាំងពីអតីតកាល។

មួយវិញទៀត ក្នុងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ដែលជាប្រពៃណី និងវប្បធម៌ចែករំលែករបស់បុព្វបុរស យើងតាំងពីសម័យបុរាណ និងជាការរំលឹកឡើងវិញនូវគំរូវីរភាព ដ៏អង់អាចក្លាហានរបស់វីរកងទ័ពជើងទឹក នៃកុលបុត្រខ្មែរក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី នាសម័យមហានគរដ៏រុងរឿងដោយបានបូជានូវកម្លាំងកាយចិត្ត និងអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង»។

លោកអភិបាលបានបន្តថា ពិធីប្រណាំងទូកនាឱកាសខាងមុខនេះ គឺជាសក្ខីភាពឆ្លើយតបទៅ នឹងការរីកចម្រើនលើគ្រប់វិស័យរបស់ ក្នុងក្រុងប៉ោយប៉ែត មិនថាតែវិស័យកីឡាទេ មានវិស័យដទៃទៀតក៏កំពុងបោះជំហានគួរកត់សម្គាល់ដូចជា វិស័យអប់រំ, សុខាភិបាល, កសិកម្ម, ឧស្សាហកម្ម, ធនធានទឹក, អភិវឌ្ឍន៍ជនបទ, អគ្គិសនី, ទេសចរណ៍, វប្បធម៌, ធម្មការ, សាសនា, គមនាគមន៍, ទឹកស្អាត, និងអនាម័យ, ដែលបម្រើឲ្យ វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងជាការចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ក្រុង ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

សួមបញ្ជាក់ថា ពិធីការប្រណាំងទូក ងនេះ គឺដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលក្រុងប៉ោយប៉ែត នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១១​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានទូកធំ វែងចំនួន២ទូក ទូកតូចចំនួន៨ទូកផងដែរ៕