(ភ្នំពេញ)៖ មិនដូចជាការគ្រោងទុកនោះទេនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ តុលាការបានលើកប្រកាសសាលក្រម លើសំណុំរឿងប៉ុនប៉ងឃាតកម្ម លើជនរងគ្រោះ ឈ្មោះ គង់ រ៉ាវិន ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ សឺង វិន ហៅ ស្រីលក្ខណ៍ ទៅពេលក្រោយ ដែលជនប្រព្រឹត្តក្នុងសំណុំរឿងនេះ គឺជាមន្ត្រីយោធាម្នាក់។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ កន្លងទៅ លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស មន្ត្រីយោធាម្នាក់ ពាក់ព័ន្ធករណី បាញ់សម្លាប់មនុស្សតែមិនស្លាប់ ប៉ុន្តែជនរងគ្រោះមិនស្លាប់ដូចបំណង។

សវនការក្នុងសំណុំរឿងនេះដែរមានលោក សេង ហៀង ជាតំណាងអយ្យការ បានប្តឹងចោទប្រកាន់ ជនជាប់ចោទឈ្មោះ ប៊ុន តេង ហៅ អាហ្គោ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមន្ត្រីយោធាភូមិភាគ៥ មានឋានន្តរស័ក្តិវរសេនីយ៍ ពីបទប៉ុនប៉ងឃាតកម្ម លើជនរងគ្រោះឈ្មោះ គង់ រ៉ាវិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរស្នាក់ នៅផ្ទះលេខ៣៣កា ផ្លូវលំ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ និងឈ្មោះ សឺង វិន ហៅ ស្រីលក្ខណ៍ ភេទស្រី អាយុ២៥ឆ្នាំ។

នៅក្នុងសវនាការ ជនជាប់ចោទបានអះអាងថា កាំភ្លើងដែលខ្លួនយកទៅប្រព្រឹត្តបទល្មើសនោះ ជាកេរ្តិ៍មរតករបស់ឪពុកខ្លួន ដែលជាមន្ត្រីយោធាម្នាក់ បន្សល់ទុកឱ្យខ្លួនដាក់តាមខ្លួន និងការពារខ្លួនពេលផឹកស៊ី តែមិនមានច្បាប់អនុញ្ញាតឱ្យប្រើប្រាស់ទេ។ ជនជាប់ចោទបន្ថែមថា ខ្លួនអត់បានបាញ់ជនរងគ្រោះនោះទេ គឺរាលកៃចំនួន៥គ្រាប់ ចំជនរងគ្រោះទាំង២នាក់។

ជនជាប់ចោទ បានស្នើសុំឱ្យតុលាការ លើកលែងចោទប្រកាន់ ព្រោះខ្លួនអត់បានបាញ់ទេ គឺខុសមកពីកាំភ្លើងវារាលកៃ ខណៈម្រាមដៃរបស់គេជាអ្នកកេះកៃកាំភ្លើង។ ប៉ុន្តែតុលាការ បានបញ្ជាក់នៅក្នុងសវនាការថា រាលកៃ មិនអាចចំគោលដៅ និងផ្ទុះរហូត៥គ្រាប់បានទេ មានន័យថា ការអះអាងរបស់ជនជាប់ចោទ ហាក់មិនស៊ីសង្វាក់នឹងអង្គហេតុសោះ។

លើសំណុំរឿងនេះ ក្រុមជនរងគ្រោះបានប្តឹងទាមទារសំណងជំងឺចិត្ត ចំនួន៥ម៉ឺនដុល្លារ។

គួររំលឹកថា ហេតុការណ៍បាញ់ប្រហារគ្នានេះ បានកើតឡើងកាលពីវេលាម៉ោង១២៖៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះជួលនៅ តាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយជនជាប់ចោទខាងលើ ជិះរថយន្ត RANGE ROVER ពណ៌ស។

ក្រោយពេលកើតហេតុបាន២ថ្ងៃ ជនជាប់ចោទបានចូលខ្លួនសារភាពកំហុស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងត្រូវបានសមត្ថកិច្ចជំនាញ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ឱ្យសម្រេចដាតាមច្បាប់៕