(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យការពារជាតិ បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី មេចលនាសង្គ្រោះជាតិ និងជាមេឧទ្ទាមក្រៅច្បាប់ និងបក្ខពួកតែងតែបង្កបញ្ហាមិនចេះឈប់ដល់ពលរដ្ឋកម្ពុជា និងព្យាយាមបំផ្លាញផលប្រយោជន៍ជាតិមាតុភូមិ ដើម្បីតែអំណាចរបស់ខ្លួន។
ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ជា តារា បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសាលាកបត្រឯកត្តជនជូនដល់ បេក្ខជនដែលបានដាក់ពាក្យប្រឡងចូលសិក្សាវគ្គ នាយទាហានសកម្មជំនាន់ទី២៣ នាយទាហានជើងគោកជំនាន់ទី១១ នាយទាហានបន្តវេនជំនាន់ទី១២ និងនាយទាហានបច្ចេកទេសយោធា នៅសាកលវិទ្យាល័យការពារជាតិ នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
នាយឧត្តមសេនីយ៍ ជា តារា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រឿង សម រង្ស៊ី ឥឡូវជាឧទ្ទាម ហើយបង្កើតបញ្ហាមិនចេះឈប់ អញ្ចឹងពូគ្រាន់តែផ្តាំថា មានតែសម័យសម្តេចតេជោទេដែលមានសន្តិភាពពេញលេញ មានសម្តេចតេជោ មានសន្តិភាព»។
នាយឧត្តមសេនីយ៍ ជា តារា បានបន្តថា ទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយមួយរូប ដែលមិនគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដូច សម្តេចតេជោ ហ៊ុន សែន នោះទេ គឺសម្តេចជាមគ្គទេសក៍មួយរូប ដែលបានស្តារប្រទេសជាតិ ឱ្យមានសន្តិភាព បង្រួបបង្រួមជាតិ ដែលបានបែកបាក់គ្នាដោយសារតែភ្លើងសង្គ្រាមស៊ីវិល រាប់ទសវត្ស តាមរយៈនយោបាយឈ្នះ-ឈ្នះ ដោយបញ្ឈប់ការកាប់សម្លាប់ជាតិសាសន៍ខ្លួនឯង រហូតទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយពេញផ្ទៃប្រទេសមកដល់សព្វថ្ងៃនេះ។
នាយឧត្តមសេនីយ៍ បានជំរុញដល់ សិស្សនាទាហានថ្មី ដែលបានចូលបម្រើការងារជាយោធិនទាំងអស់ត្រូវតែខិតខំសិក្សារៀនសូត្រ ជាពិសេសត្រូវតែស្មោះស្ម័គ្រជាមួយថ្នាក់ដឹកនាំ ព្រះមហាក្សត្រ ស្រឡាញ់ជាតិមាតុភូមិ ថែរក្សាសេក្តីថ្លៃថ្នូរ គោរពច្បាប់ ដើម្បីឱ្យសមស្របជាកងកម្លាំងពិតប្រាកដ ការពារលើកតម្កើនមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ៕