(ភ្នំពេញ)៖ លោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលទើបផុតអាណត្តិ បានកត់សម្គាល់ឃើញថា កម្ពុជាបានខិតខំពង្លឿនកំណែទម្រង់ ដើម្បីលើកកម្ពស់សិទ្ធិកម្មករ និងទំនាក់ទំនងរវាងថៅកែ-កម្មករ និងរក្សាបាននូវទំនុកចិត្តរបស់អ្នកបញ្ជាទិញអន្តរជាតិ និងលទ្ធភាពក្នុងការចូលទៅក្នុងទីផ្សារនៅក្រៅប្រទេស។
លោក William A. Heidt ថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះជោគជ័យ ដែលកម្ពុជាសម្រេចបានក្នុងការពង្រីកវិស័យកម្មន្តសាលរបស់កម្ពុជា ហើយកែលម្អស្ថានភាពការងារនៅតាមរោងចក្រ។
លោក William A. Heidt បានថ្លែងទៀតថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដៃគូសហប្រតិបត្តិការដ៏ល្អដែលបានខិតខំរួមគ្នា ក្នុងការដោះស្រាយបញ្ហាប្រឈម បញ្ហាធ្វើឱ្យមានការរីកចម្រើនជាច្រើនជាមួយគ្នា ដែលវាបានឆ្លុះបញ្ចាំងនូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសហរដ្ឋអាមេរិកជាមួយកម្ពុជា។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានឱ្យដឹងថា រយៈពេលមួយអាណត្តិរបស់លោក William A. Heidt កន្លងមកនេះ កម្ពុជា-អាមេរិក មានទំនាក់ទំនងទៅលើវិស័យពាណិជ្ជកម្ម លក្ខខណ្ឌការងារជាដើម។
ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះបេសកម្មរបស់លោក William A. Heidt ដែលបានរួមវិភាគទានដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕