(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភសិស្សនិទ្ទេស A ចំនួន៤០៨នាក់ ដោយម្នាក់ៗទទួលបានប្រាក់ស្លឹង បោះពុម្ពនៅឆ្នាំ១៥១៤ ក្នុងរជ្ជកាលហ្លួងព្រះស្តេចកន, ថវិកា២លានរៀល, ទូរស័ព្ទ Ipad ១គ្រឿង និងសៀវភៅច្បាប់អប់រំទូន្មានរបស់លោកតាក្រមង៉ុយ និងបណ្ឌិត អ៊ូ ចុង ចំនួន២ក្បាលផងដែរ។
ការឧបត្ថម្ភសម្ភារទុកជាចំណងដៃដ៏ថ្លៃថ្លានេះ ត្រូវបានធ្វើឡើងក្នុងឱកាស ដែលសម្តេចអញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A ចំនួន ៤០៨នាក់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
បើតាមប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រី ប្រាក់ស្លឹង គឺជាប្រាក់ដែលត្រូវបានបោះពុម្ភនៅឆ្នាំ១៥១៤ ក្រោយហ្លួងព្រះស្តេចកន ឈ្នះស្រីបាទសុគន្ធបទ។ ប្រាក់ស្លឹងនេះ ត្រូវយកពីប្រទេសហូឡង់មកវិញ ដើម្បីយកមកបោះពុម្ភសារជាថ្មី នៅប្រទេសសាំងហ្ការពួរ ដែលធ្វើពីមាសផង ពីប្រាក់ផង ក្នុងគោលបំណងឲ្យដឹងថា ខ្មែរមិនមែនទើបតែមានប្រាក់កាសចាយនោះទេ ហើយថែមទាំងមានចាយ តាំងពីសម័យមុនទៀតឯណោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ប្រាក់ស្លឹងនេះ ក៏ជាប្រាក់តំណាងមួយនៃដំណាក់កាល ដែលមានប្រទេសជាច្រើន ចូលមករកស៉ីនៅប្រទេសកម្ពុជា កាលពីសម័យមុន។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់សិស្សនិទ្ទេស A ៤៩៨នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់ស្លឹង ដែលជាប្រាក់បោះពុម្ភនៅឆ្នាំ១៥១៤ ក្រោយហ្លួងព្រះស្តេចកន ឈ្នះស្រីសុគន្ធបទ ហើយដែលរើរាជធានី ទៅនៅត្បូងឃ្មុំបច្ចុប្បន្ន។ ប្រាក់នេះ យើងត្រូវយកពីប្រទេសហូឡង់មកវិញ ដើម្បីយកមកបោះពុម្ភសារជាថ្មី នៅប្រទេសសាំងហ្ការពួរ ដែលធ្វើពីមាសផង ពីប្រាក់ផង ដើម្បីឲ្យដឹងថាខ្មែរយើង មិនមែនទើបតែមានប្រាក់កាសចាយទេ ហើយមានសម័យមុនទៀត»។
ទន្ទឹមនឹងការឧបត្ថម្ភទូរស័ព្ទ iPad សម្តេចតេជោ ក៏បានដាស់តឿនសិស្សនិទ្ទេស A ទាំងអស់ មិនត្រូវយកទៅលេង Game ពេកនោះឡើយ។ សម្តេចបានផ្តាំផ្ញើដល់សិស្សនិទ្ទេស A ទាំងអស់ ប្រឹងប្រែងរៀនសូត្រទៅមុខបន្ថែមទៀត ដើម្បីឲ្យក្លាយជាធនធាន ជាបញ្ញវន្តដ៏ល្អសម្រាប់សង្គមជាតិ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឧកញ៉ា លៀង ឃុន ដែលបានជួយឧបត្ថម្ភជា iPad ដល់សិស្សនិទ្ទេស A ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ថវិកាសម្រាប់ចំណាយលើ Ipad នេះ មានទំហំទឹកប្រាក់ប្រមាណ ២០ម៉ឺនដុល្លារអាមេរិក។
សម្តេចមានប្រសាសន៍បានបញ្ជាក់បន្តថា «ឯថវិកា ជូនចៅៗម្នាក់២លានរៀល។ iPad នេះ ១គ្រឿង តម្លៃ៤៨០ (ដុល្លារអាមេរិក) គ្រាន់ចៅៗរៀន កុំយកទៅចុចហ្គេមខ្លាំងពេកចៅ។ រួចហើយក៏មានសៀវភៅនេះ [...] ១ក្បាល គឺជាសៀវភៅរបស់លោកតា ក្រមង៉ុយ និងបណ្ឌិត អ៊ូ ចុង ច្បាប់គោរពមាតាបិតា ឥរិយាបទជីវិតដោយកម្រ»។
សម្តេចតេជោ ហ៊ុន សែន បានសូត្រកំណាព្យលោកតា ក្រមង៉ុយ ១វគ្គដែរ ដែលមានខ្លឹមសារអប់រំថា «បើចង់ស្រាលខ្លួន រៀនសូត្រឲ្យមួន ឲ្យមាំឲ្យស្ទាត់ កុំចេះស្ទាក់ស្ទើរ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ»។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានឧបត្ថម្ភដល់នាយក នាយិកា ដែលដឹកនាំសិស្សមក ម្នាក់ៗទទួលបានប្រាក់ស្លឹងមួយ, សៀវភៅអប់រំរបស់លោកតាក្រមង៉ុយ និងបណ្ឌិតអ៊ូចុង, ថវិកា១លានរៀលផងដែរ។ ដោយឡែក សាលាដែលមានសិស្សទទួលបាននិទ្ទេស A ទទួលបានថវិកា ៣លានរៀល៕