(ភ្នំពេញ)៖ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនកម្ពុជា ជាពិសេសយុវវ័យផងនោះ ក្រុមហ៊ុន អូ អឹម ស៊ី បានបង្ហាញម៉ូតូម៉ូឌែលថ្មី Nex II ស៊េរី ឆ្នាំ២០១៩ ជាប្រភេទអូតូថ្មី ជាជម្រើសមានប្រាំពណ៌ ដែលបានរចនាឡើងមានរូបរាងយ៉ាងល្អឥតខ្ចះ និងរស់រវើក ដើម្បីបំពេញតម្រូវនៃភាពស៊ីវិល័យរបស់យុវវ័យសម័យថ្មី នៅក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីត អកអំបុក និងសំពះព្រះខែ នឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។

ការដាក់បង្ហាញនូវប្រភេទម៉ូតូ Nex II ជារបស់ក្រុមហ៊ុន Suzuki Motor នេះបានធ្វើឡើងនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញ ស្ថិតនៅសណ្ឋាគារ Juliana ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧកញ៉ា ស៊ីវ ថៃ នាយកក្រុមហ៊ុន អូ អឹម ស៊ី, លោក Nubuo Kidoro នាយករោងចក្រ Cambodia Suzuki Motor, លោក Yoshihiro ប្រធានផ្នែកផលិតកម្មរោចក្រ Cambodia Suzuki Motor រួមទាំងតំណាងចែកចាយម៉ូតូទូទាំងរាជធានី-ខេត្ត យ៉ាងច្រើនកុះករផងដែរ។

លោកឧកញ៉ា ស៊ីវ ថៃ បានថ្លែងថា ដើម្បីតម្រូវការទីផ្សារគាំទ្រជាបន្តបន្ទាប់ពីសំណាក់អតិថិជនរបស់ខ្លួន Suzuki បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការសិក្សាស្រាវជ្រាវអភិវឌ្ឍ Model ថ្មីៗ ឱ្យកាន់តែប្រសើរឡើងទាំងផ្នែកគុណភាព និងសោភ័ណ្ឌភាព ក៏រិតតែធ្វើឱ្យម៉ូតូ Suzuki ទទួលបាននៅភាពទាក់ទាញ និងកាន់តែទំនើប ទាន់សម័យសមស្របទៅនឹងនិន្នាការ របស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះ។

* Suzuki Nex II មានកម្លាំងម៉ាស៊ីន115CC ស្ទុះខ្លាំង បង្កើនល្បឿនលឿនរហ័សទាន់ចិត្ត បំពាក់ប្រព័ន្ធបេនសាំង FI និងបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មីស្រឡាងរបស់ Suzuki គឺ SEP (Suzuki Eco Perfromace) បច្ចេកវិទ្យានេះ ជួយឱ្យម៉ាស៊ីនកាន់តែស៊ីសាំងតិច កម្លាំងស្ទុះខ្លាំង ពិសេសកាត់បន្ថយការបំពុលបរិស្ថាន ដែលជាសមិទ្ធផលថ្មីមួយទៀតរបស់ Suzuki។

* Suzuki Nex II មាន៥ពណ៌៖ ពណ៌ស, ពណ៌ខ្មៅ, ពណ៌ក្រហម, ពណ៌ Mat Black និងពណ៌ Mat Blue ជាពណ៌ថ្មី។ Suzuki Nex II ជាវឌ្ឍនភាពថ្មី និងបច្ចេកវិទ្យាខ្ពស់ទំនើបចុងក្រោយរបស់ Suzuki។

* Suzuki Nex II មានគុណភាពរឹងមាំ, ប្រើប្រាស់ធន, ប្រណិតភាព និងរូបរាងថ្មីក្រឡាង សង្ហា តូចច្រឡឹងអមដោយការរចនាម៉ូតូយ៉ាងពិសេសពីការច្របាច់រួមបញ្ចូលគ្នាពីរម៉ូឌែលរបស់ Suzuki GSX-R1000 និង GSX-150 ផលិតឡើងជាម៉ូឌែលថ្មី Nex II នេះ៕