(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការពាណិជ្ជកម្មនៃចក្រភពអង់គ្លេស ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក គ្រីស ផូក (Chris Pook) បានបង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធ អប់រំ សុខភាព និងបច្ចេកវិទ្យា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង់គ្លេស និងកម្ពុជា។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក គ្រីស ផូក បានគូសបញ្ជាក់ថា ចក្រភពអង់គ្លេស មានបំណងផ្តល់នូវជំនួយហិរញ្ញប្បទាន ដើម្បីគាំទ្រការអនុវត្តគម្រោងសំខាន់ៗនៅក្នុងប្រទេសកម្ពុជា ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស ការលើកកម្ពស់សុខមាលភាពសាធារណៈ និងការធ្វើទំនើបកម្មបច្ចេកវិទ្យា។

មន្ត្រីជាន់ខ្ពស់ចក្រភពអង់គ្លេសរូបនេះ បានបន្ថែមទៀតថា ក្រៅពីវិស័យអទិភាពខាងលើ អង់គ្លេសក៏មានបំណងចូលរួមអភិវឌ្ឍន៍ទីក្រុងវ័យឆ្លាត (Smart City) នៅក្នុងប្រទេសកម្ពុជា និងនៅតាមរដ្ឋជាសមាជិកអាស៊ានផងដែរ ហើយបច្ចុប្បន្ន មានវិនិយោគិនអង់គ្លេសជាច្រើន កំពុងស្វែងរកឱកាសពង្រីកធុរកិច្ច និងវិនិយោគ មកកាន់កម្ពុជា និងតំបន់អាស៊ាន ប៉ុន្តែត្រូវការហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ដើម្បីគាំទ្រការធ្វើប្រតិបត្តិការ។

ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានស្វាគមន៍ចំពោះចេតនារបស់ចក្រភពអង់គ្លេស និងបានពន្យល់ដល់លោក គ្រីស ផូក អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គោលនយោបាយអភិវឌ្ឍន៍ឧស្សហកម្ម និងគោលនយោបាយគាំពារវិនិយោគកម្ពុជា ដែលផ្តោតសំខាន់លើការទាក់ទាញវិនិយោគិន ដើម្បីធ្វើពិពិធកម្មឱកាសការងារ និងបែកចែកកំណើនប្រកបដោយសមធម៌។

លោករដ្ឋមន្ត្រី បានស្នើចក្រភពអង់គ្លេស ពិចារណាចូលរួមជាមួយគម្រោងផ្លូវ និងខ្សែក្រវ៉ាត់ (Belt & Road) របស់ប្រទេសចិន និងធ្វើការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទេ្វភាគី (FTA) ជាមួយកម្ពុជា ដើម្បីធានាបាននូវកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

បន្ថែមលើនេះ តាមរយៈលោក គ្រីស ផូក លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានអំពាវនាវដល់វិនិយោគិនអង់គ្លេស ធ្វើការបណ្តាក់ទុនលើផ្នែកហេដ្ឋារចនាសម័្ពន្ធរូបវន្ត ធនធានមនុស្ស ឧស្សហកម្មកែច្នៃ វិទ្យាសាស្រ្ត កសិកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម ពីព្រោះវិស័យទាំងអស់នេះ គឺជាកត្តាអទិភាព ដើម្បីទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៅក្នុងនោះ ការនាំចេញទំនិញរបស់កម្ពុជា បានកើនឡើងពីទឹកប្រាក់ ៧៥២លានដុល្លារ នៅក្នុងឆ្នាំ២០១៤ ដល់ទឹកប្រាក់ ១,០១៤លានដុល្លារ នៅក្នុងឆ្នាំ២០១៧។ ទន្ទឹមគ្នានេះ ទឹកប្រាក់វិនិយោគពីបរទេស (FDI) របស់អង់គ្លេស មកកម្ពុជា កាលពីឆ្នាំ២០១៧ មានចំនួន ៥៥លានដុល្លារ ដែលធ្វើឱ្យអង់គ្លេស ស្ថិតនៅតែជាប្រទេសមួយ ក្នុងចំណោមប្រទេសចំនួន១០ ដែលបានវិនិយោគច្រើនជាងគេនៅកម្ពុជា៕