(ភ្នំពេញ)៖ ដូចសព្វមួយដង ជារៀងរាល់ឆ្នាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែរៀបចំកម្មវិធីផ្សេងៗដើម្បីទទួល និងឧបត្ថម្ភដល់កីឡាករទូកងកម្ពុជា និងផ្តល់ការកម្សាន្តដល់ភ្ញៀវជាតិ និង អន្តរជាតិ ដែលមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងរាជធានីភ្នំពេញ។
ដោយឡែកសម្រាប់ពិធីបុណ្យអុំទូក ឆ្នាំ២០១៨នេះ លោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រៀបរាប់ពីកម្មវិធី ដែលក្រុមហ៊ុនបម្រុងនឹងរៀបចំ សម្រាប់ចូលរួមនិងអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដ៏ធំក្នុងឆ្នាំនេះ រួមមាន៖
១៖ ក្រុមហ៊ុន នឹងបន្តឧបត្ថម្ភកីឡាករទូកងដូចរាល់ឆ្នាំនូវ ភេសជ្ជៈចំនួន ៦៥០០ កេស (ទឹកសុទ្ធកម្ពុជា ទឹកផ្លែឈើជូប ស្រាបៀរគូដូ និងភេសជ្ជៈប៉ូវកម្លាំងវើក) ទៅដល់កីឡាករទូកងចំនួន១០០ ដើម្បីជួយសម្រួលដល់ការស្នាក់នៅរបស់កីឡាករទូកងក្នុងពេលប្រកួត និងសម្រាប់ការអបអរសប្បាយជុំគ្នាក្រោយពេលសំរាកពីការប្រណាំង។
២៖ ផ្នែកអនាម័យ និងបរិស្ថាន គឺយើងនឹងប្រើប្រាស់រថយន្តសម្អាតផ្លូវក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ធ្វើការបោសសម្អាតផ្លូវសំខាន់ៗ និង ពង្រាយធុងសំរាមប្រមាណ២៥០ធុង នៅជុំវិញទីតាំងប្រារព្ធពិធីបុណ្យ។
៣៖ យើងនឹងមានការតាំងពិព័រណ៌ផលិតផលភេសជ្ជៈក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសលំដាប់ស្តង់ដា នៅក្នុងបរិយាកាសប្លែកភ្នែកជាមួយការតុបតែងលម្អរបែបប្រណិត ទៅតាមប្រភេទភេសជ្ជៈនីមួយៗនៅក្នុងស្តង់យក្សធំៗ ចំនួន៦ ដែលស្តង់នីមួយៗមានកម្ពស់ និងអង្កត់ផ្ចិតប្រវែងរហូតដល់១៥ម៉ែត្រឯណោះ នៅលើទីធ្លាមុខសាលមហោស្រពកោះពេជ្ររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០១៨ ខាងមុខនេះ រួមជាមួយកម្មវិធីបន្ថែមជូននូវកាដូជាច្រើន និង តម្លៃពិសេសលើការទិញភេសជ្ជៈទាំងអស់ និងសកម្មភាពកម្សាន្តផ្សេងៗសម្រាប់អ្នកចូលរួមទស្សនា ចាប់ពីម៉ោង១០ព្រឹក រហូតដល់ពាក់កណ្តាលអធ្រាត។
៤៖ សម្រាប់ពេលរាត្រីចាប់ពីម៉ោង៧ល្ងាចតទៅ យើងនឹងរៀបចំការប្រគុំតន្រ្តី ដែលមានការចូលរួមសម្តែងជូនទាំងសិល្បៈបុរាណ និងសម័យក្នុងទំរង់ផ្សេងៗគ្នា ដើម្បីបង្កើតបិរយាសកាស ឲ្យកាន់តែសប្បាយរីករាយ និងអធិកអធមដល់កីឡាករទូកង និងភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលអាចចូលរួមរាំលេងកម្សាន្តជាមួយសិល្បៈករ និងតារាចម្រៀងល្បីៗរបស់កម្ពុជា ហើយការប្រគុំតន្រ្តីនេះ ក៏នឹងមានការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ បាយ័នផងដែរ។
លោក លាង ពៅ (ភីធើរ) ក៏សូមអំពាវនាវ និងគោរពអញ្ជើញប្រជាជនកម្ពុជាតាមបណ្តាខេត្តក្រុងផ្សេងៗ ឲ្យមកចូលរួមទស្សនាផ្ទាល់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅមុខព្រះបរមរាជវាំង និង កម្មវិធីរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅទីតាំងខាងលើ។ លោកក៏បានជូនពរដំណើរកម្សាន្ត របស់ប្រជាជនកម្ពុជាទាំងអស់ ដែលមកចូលរួមកម្សាន្តព្រះរាជពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ឬ ទៅតាមខេត្តនានាក្តី សូមអោយមានសុវត្ថិភាព និងសប្បាយរីករាយជាមួយក្រុមគ្រួសារគ្រប់ៗគ្នានារដូវការឈប់សម្រាកនេះ។
ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោត (Barrley Black) ស្រាបៀរកម្ពុជា (Cambodia Beer) ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕