(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ Ahmed Dalmook Al Maktoum សមាជិករាជវង្សអារ៉ាប់រួមអេមីរ៉េត និង​សហការី ដឹកនាំដោយ​លោក​ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញទស្សនា​សមិទ្ធផលសាសនាសំខាន់ៗ នៅរាជធានីភ្នំពេញ ដែលជាអំណោយ​របស់សប្បុរសជនប្រទេសអារ៉ាប់រួម ហើយត្រូវបានអញ្ជើញផ្តល់កិត្តិយស​ ក្នុងការសម្ពោធដាក់ឲ្យប្រើប្រាស់ដោយ​ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា។

គណៈប្រតិភូបានអញ្ជើញទស្សនា ព្រះវិហារឥស្លាម អាំម៉ើត ពិនយ៉ាសៀត នៅ​គីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ជាបដិភាគថវិការបស់លោក ខាឡេត សារ៉ាហិល នៅក្រុងឌូបៃ ដែលសម្ពោធ​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៩៧ ដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយ​ព្រះវិហារឥស្លាមដំបូងគេបង្អស់ ដែលសម្ដេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញសម្ពោធ។

គួរបញ្ជាក់​ថា នៅជាប់របងព្រះវិហារមួយនេះ គឺជាសាលារៀនឌូបៃឥស្លាមភ្នំពេញ ដែលជាការឧបត្ថម្ភរបស់សប្បុរសជនអារ៉ាប់រួមផងដែរ ដែលមានចំនួន១០បន្ទប់ ដោយឃើញថាសាលារៀនមួយនេះ មានសភាពចាស់ឌ្រុតឌ្រោម ​កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០១៧ ក្នុងឱកាសអញ្ជើញទទួលទានអាហារស្រាយបួសរ៉ាម៉ាឌន របស់សាសនិកឥស្លាម សម្តេច​តេជោ ហ៊ុន សែន បានប្រគល់អគារសិក្សាថ្មី​ជំនួសវិញ មានចំនួន​២៤បន្ទប់ ដែលបានសាងសង់ ​ហើយពេលនេះ​ជិតរួចរាល់ជាស្ថាពរ។

បន្ថែមពីនេះ គណៈប្រតិភូក៏បានទស្សនា ព្រះវិហារឥស្លាម ហាជះ ម៉ារ៉ីយ៉ុ នៅគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ អំណោយ​របស់​លោក អាប់ឌុល ហ្គាហ្វា អាល់ឃូរី នៅទីក្រុង អាពូដាពី ដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្ពោធនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០០៨។

ដោយឡែក ព្រះវិហារធំអាល់សារកាល់ នៅសង្កាត់បឹងកក់ ខណ្ឌដូនពេញ អំណោយរបស់​លោក អ៊ីសា ពិនណាសៀត អាល់សារកាល់ នៅទីក្រុង​ឌូបៃ ដែលសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥៕