(ភ្នំពេញ)៖ គណៈកម្មាធិការរដ្ឋធម្មនុញ្ញ និងច្បាប់សភាប្រជាជនចិន នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានជួបពិភាក្សាជាមួយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ សភាប្រទេសទំាងពីរ ខណៈគណៈប្រតិភូគណៈកម្មាធិការរដ្ឋធម្មនុញ្ញ និងច្បាប់ នៃសភាតំណាងប្រជាជនចិន បានបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ ពិសេសក្នុងការងារច្បាប់។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូគណៈកម្មាធិការរដ្ឋធម្មនុញ្ញ និងច្បាប់ នៃសភាតំណាងប្រជាជនចិន ដឹកនាំដោយលោក លី ហ្វី សមាជិកគណៈកម្មាធិការ និងជាប្រធានគណៈប្រតិភូ បានចូលជួបសម្តែងការគួរសម និងធ្វើសវនការជាមួយសម្តេចប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលរៀបចំធ្វើឡើងនៅវិមានរដ្ឋសភា។
សម្តេចពញាចក្រី ហេង សំរិន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ លោក លី ហ្វី ថា បានរួមចំណែកពូនជ្រុំទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ឲ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត ជាពិសេស រវាងសភាប្រទេសទំាងពីរ ដើម្បីស្វែងយល់ និងចែករំលែកបទពិសោធន៍ អំពីការងារនីតិកម្ម ការកសាងច្បាប់។
សម្តេច ហេង សំរិន បានសង្កត់ធ្ងន់ថា «កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» កំពុងទទួលបានផ្លែផ្កាលើគ្រប់វិស័យ។
សម្តេចពញាចក្រី ហេង សំរិន និងភាគីគណៈប្រតិភូ បានលើកឡើងថា ទំនាក់ទំនងការទូតកម្ពុជា-ចិន បានឈានដល់ខួប៦០ឆ្នាំនៅឆ្នាំនេះ ហើយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសទំាងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្តបន្ទាប់។
ក្នុងនាមរដ្ឋសភា សម្តេច ហេង សំរិន បានវាយតំលៃខ្ពស់ និងគំាទ្រពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ស្តីពី គោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ។ សម្តេចបានថ្លែងថា គម្រោងសេដ្ឋកិច្ចសកលនេះ បានដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជួយទាក់ទាញវិនិយោគិន និងការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ មកក្នុងប្រទេសកម្ពុជាបន្ថែមទៀត។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើពាណិជ្ជកម្មទ្វេភាគី ពីចិនមកកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង។ ប្រទេសចិន ក្លាយជាដៃគូរពាណិជ្ជកម្មដ៏សំខាន់ និងជាប្រទេសមានទុនវិនិយោគធំទី១ នៅកម្ពុជា។
ចំណែកកម្ពុជាវិញ កាលពីថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ ឲ្យប្រើប្រាស់ប្រាក់យន់ចិន ក្នុងប្រព័ន្ធធនាគារកម្ពុជា។ នេះជាយន្តការ ដើម្បីសម្របសម្រួលដល់ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងទេសចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាព។ លោក លី ហ្វី បានជម្រាបសម្តេចថា គណៈកម្មាធិការរដ្ឋធម្មនុញ្ញ និងច្បាប់ នៃសភាតំណាងប្រជាជនចិន ទើបបង្កើតឡើងកាលពីខែមីនា ឆ្នាំ២០១៨នេះ។
លោក លី ហ្វី បន្ដថា កម្ពុជា ជាប្រទេសទី១ ដែលគណៈកម្មាធិការជ្រើសរើសមកបំពេញទស្សនកិច្ច ក្នុងការសិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើកិច្ចការច្បាប់ ដែលនេះជាផ្នែកសំខាន់មួយ ក្នុងការជំរុញអ្នកវិនិយោគទុនចិន ស្វែងយល់ពីច្បាប់របស់កម្ពុជា ហើយពួកគេនឹងមកបណ្តាក់ទុនកាន់ច្រើននៅកម្ពុជា។
ទាក់ទងកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរ សម្តេចប្រធានរដ្ឋសភា បានស្នើដល់គណៈប្រតិភូ ពិភាក្សាជាមួយ លោកបណ្ឌិត ប៉ែន បញ្ញាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាកម្ពុជា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ស៊ីជម្រៅរវាងគណៈកម្មការជំនាញសភាទំាងពីរ ដើម្បីផលប្រយោជន៍ទំាងអស់គ្នា៕