(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ស្ថិតក្រោយការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការហាមឃាត់ និងបញ្ឈប់ការជីកកាយដីភ្នំដោយខុសច្បាប់របស់ក្រុមហ៊ុន សាំង គង់ នៅចំណុចភ្នំកងវ៉ា ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ប្រតិបត្តិការនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានធ្វើឡើងបន្ទាប់ទទួលបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទទួលបានវិធានការរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
ប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោកវរសេនីយ៍ទោ ធៀម ភក្តី ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ បានដឹកនាំកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ។
មន្ដ្រីអាវុធហត្ថដែលបានចូលរួមប្រតិបត្តិការ បានបញ្ជាក់ថា ក្នុងនោះកម្លាំងជំនាញ បានឃាត់ខ្លួនជនពាក់ព័ន្ធ ចំនួន០៦នាក់ និងដកហូតវត្ថុតាងរួមមាន អេស្កាវ៉ាទ័រ ចំនួន០៣គ្រឿង និងរថយន្តដឹកដី ចំនួន០៩គ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធី៕