(ភ្នំពេញ)៖ ល្ខោនប្រពៃណីហ៊ីរបស់ចិន ដ៏មានវ័យចំណាស់មួយ ហើយក៏ជាល្ខោនត្រូវបានចុះបញ្ចូល ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ពិភពលោក នឹងមានវត្តមានដំបូងនៅកម្ពុជា សម្តែងជូនទស្សនាជាសាធារណៈ នៅមហោស្រពកោះពេជ្រ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃនេះ ក្នុងគោលបំណង ដើម្បីអបអរខួប៦០ឆ្នាំ នៃទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រធានមន្ទីរល្ខោនប៉េកាំង លោក Lin En Jie បានបញ្ជាក់ថា «គោលបំណងធំនៃការរៀបចំកម្មវិធីនេះ គឺដើម្បីជំរុញ និងពង្រឹងទំនាក់ទំនងផ្នែកសិល្បៈ និងវប្បធម៌កម្ពុជា-ចិន ឲ្យកាន់តែមានភាពប្រសើរឡើង ស្របពេលប្រទេសទាំងពីរ កំពុងមានចំណងការទូតល្អ»។
លោកបន្ថែមថា នៅក្នុងប្រទេសចិន ល្ខោនចិនត្រូវបានគេចាត់ទុកថា ជាត្បូងដ៏មានតម្លៃក្នុងវប្បធម៌របស់ចិន ហើយការជ្រើសយកល្ខោនប្រពៃណីហ៊ីចិនមកសម្តែងនេះ គឺដោយសារល្ខោននេះ ជាប្រភេទល្ខោនចំណាស់ជាងគេមួយរបស់ចិន ដែលមានអាយុកាលជិត ២០០ឆ្នាំមកហើយ ហើយល្ខោននេះ ក៏ត្រូវបានចុះបញ្ចូលជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ពិភពលោកផងដែរ។
លោកបញ្ជាក់ថា ប្រភេទនៃល្ខោនហ៊ីនេះ គឺគេលេងដោយប្រើបទភ្លេង និងវិធីសម្តែងជាកាយវិការ បូកបញ្ចូលជាមួយបទចំរៀង ប្រជាប្រិយមួយចំនួន ដោយប្រើប្រាស់សម្លេងច្រៀងច្រើនប្រភេទ និងមានប្រើនូវរនាទចិន និងស្គរជាដើម។
វត្តមានរបស់តួសម្ដែងសំខាន់ៗ ដែលនឹងត្រូវចូលរួមក្នុងការសម្ដែងហ៊ីនេះ រួមមានលោក Li Hong Tu សម្ដែងតួ Xu Xian នៅក្នុងរឿងពស់ស (Bai She Zhuan) គឺជាតារាសម្តែងជួរមុខគេបង្អស់នៃមហោស្រពប៉េកាំង ហើយគាត់ជាប្រធានក្រុម Mei Lanfang ដែលបានឈ្នះពានរង្វាន់វិចិត្រករឆ្នើមបំផុត នៅអាស៊ីផងដែរ។
សូមបញ្ជាក់ថា ល្ខោនប្រពៃណីហ៊ីរបស់ចិននេះ នឹងមានការចូលរួមសម្តែងដោយក្រុមល្ខោន Mei Lang Fang មកពីទីក្រុងប៉េកាំង ដោយការសម្តែងនឹងចាប់ផ្តើមពីថ្ងៃទី៨ ដល់១០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមហោស្រពកោះពេជ្រ វេលាម៉ោង៧យប់តទៅ ហើយការសម្ដែងនេះ ស្ថិតក្រោមកិច្ចសហការគ្នារវាង ក្រុមហ៊ុន Awesome Global Investment Group និងក្រុមហ៊ុនល្ខោន Mei Lang Fang៕