(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការយូណេស្កូ បើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់គេហទំព័រ អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដោយមានការចូលរួមពីមន្ត្រីគ្រប់នាយកដ្ឋាននៃអាជ្ញាធរជាតិអប្សរា អង្កការយូណេស្កូ អាជ្ញាធរព្រះវិហារ និងអាជ្ញាធរសំបូរព្រៃគុក ប្រមាណ៤០នាក់។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងនាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលបង្រៀនដោយអ្នកជំនាញមកពីអង្គការយូណេស្កូ និងអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ក្នុងបំណងឱ្យមន្ត្រីបុគ្គលិកនៃស្ថាប័នទាំងអស់ អាចស្វែងរកព័ត៌មានលម្អិតប្រកបដោយប្រសិទ្ធភាពអំពីកិច្ចការអភិរក្ស ការជួសជុលប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយស្ថាប័នជាតិ និងអន្តរជាតិ រួមទាំងរបាយការណ៍ទាំងស្រុងនៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ គ្រប់ឆ្នាំទាំងអស់។
វគ្គសិក្សានេះ ក៏នឹងផ្តល់ជាគំនិតមួយធំសម្រាប់អាជ្ញាធរជាតិព្រះវិហារ និងសំបូរព្រៃគុកដែរ ក្នុងការរៀបចំគេហទំព័រផ្តល់ព័ត៌មាន ពីសកម្មភាពនៃកិច្ចការអភិរក្ស ការជួសជុលនៅក្នុងតំបន់របស់ខ្លួន៕