(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានធ្វើការដាំកូនឈើនៅមុខប្រាសាទអង្គរវត្ត ដើម្បីជំនួសដើមឈើចាស់ដែលបានដួលរំលំ កាលពីខែតុលាកន្លងទៅ និងដើម្បីថែរក្សាទេសភាពវប្បធម៌ក្នុងរមណីដ្ឋានអង្គរ។
សកម្មភាពនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ ដែលបានចូលរួមដាំកូនឈើជំនួសនៅពេលនោះ បានឱ្យដឹងថា ជាគោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺថែរក្សាទេសភាពវប្បធម៌នៅតំបន់អង្គរ ធ្វើយ៉ាងណាឱ្យនៅដដែលដូចពេលកន្លងមក។
លោកបន្តថា កន្លងមក អាជ្ញាធរជាតិអប្សរា បានធ្វើការងារជាច្រើនទាក់ទងនឹងបញ្ហានេះ ដូចជាការព្យាបាលដើមឈើដែលមានវ័យចំណាស់ បំណងចង់ឱ្យដើមឈើទាំងនោះមានអាយុរស់នៅតទៅមុខទៀត ដើម្បីរក្សាទេសភាពវប្បធម៌នៅតំបន់នោះ។
សម្រាប់ដើមឈើដែលដាំជំនួសនៅជ្រុងខាងជើងនៃកសិន្ធុអង្គរវត្ត នៅពេលនេះ គឺជាប្រភេទឈើយាង ជំនួសឈើយាងចាស់ ដែលបានដួលរំលំក្នុងអំឡុងខែតុលាកន្លងទៅ។ ហើយឈើដែលដាំនេះ ជាដើមឈើធំមានអាយុខ្ទង់ ១៥ឆ្នាំហើយ។ ត្រង់ចំណុចនេះ លោក ហង់ ពៅ ពន្យល់ថា គេចាំបាច់យកដើមឈើដែលធំស្រាប់មកដាំ ដើម្បីឱ្យប្រហាក់ប្រហែលទៅនឹងដើមឈើមុនដែលបានបាត់បង់ទៅ។
តាមការពន្យល់របស់លោក ហង់ ពៅ ទេសភាពវប្បធម៌ក្នុងរមណីយដ្ឋានអង្គរ គឺទាក់ទងនឹងកត្តាពីរ គឺដើមឈើ និងទឹក។ ក្នុងការងារនេះអាជ្ញាធរជាតិអប្សរា បានធ្វើការងារច្រើនដូចជាការធ្វើឱ្យទឹកច្រើនឡើងវិញនៅតាមកសិន្ធុ ការរក្សាដើមឈើចាស់ និងដាំឡើងវិញក្នុងរមណីយដ្ឋានអង្គរ។
ក្នុងនោះដែរ លោក ហង់ ពៅ បានបញ្ជាក់ថា ព្រៃឈើរមណីយដ្ឋានអង្គរមានឈើសរុបចំនួន ១៨៣ប្រភេទ ហើយប្រភេទឈើទាំងនោះ ត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើការបណ្ដុះ និងចែកចាយដល់ពលរដ្ឋទាំងក្នុង និងក្រៅខេត្ត យកទៅដាំផងដែរ៕