(ភ្នំពេញ)៖ នៅទីបំផុតជនដែលមានភាពជ្រុលនិយមចង់បំផ្លាញសន្តិភាពកម្ពុជា គឺលោក Dana Rohrabacher បច្ចុប្បន្នមានអាយុ៧១ឆ្នាំ និងជាសមាជិកសភារបស់បក្សសាធារណរដ្ឋបានចាញ់ឆ្នោតហើយ នៅក្នុងទឹកដីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ទីដែលមានប្រជាពលរដ្ឋខ្មែរច្រើនរស់នៅទីនោះ ក្នុងសំឡេងគាំទ្រតែ ៤៩.៣% ខណៈគូប្រជែងលោកមកពីបក្ស ប្រជាធិបតេយ្យ គឺ Harley Rouda ទទួលបាន៥០.៧% នៅក្នុងការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ។
លោក Dana Rohrabacher គឺជាជនដែលមានបំណងចង់បំផ្លាញសន្តិភាព បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ និងជាអ្នកគាំទ្រក្រុមប្រឆាំងនៅកម្ពុជា មានមហិច្ឆតានាំកម្ពុជា ទៅកាន់ជ្រោះនៃភ្លើងសង្រ្គាម ត្រូវបានអ្នកវិភាគដ៏ល្បីមួយរូបនៅកម្ពុជាលើកឡើងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ការចាញ់ឆ្នោតរបស់លោក Dana Rohrabacher ក៏ព្រោះតែមានភាពជ្រុលនិយមខ្លាំងចំពោះកម្ពុជា ដែលអាចធ្វើឲ្យប្រជាពលរដ្ឋខ្មែរភាគច្រើនរស់នៅទឹកដីរដ្ឋកាលីហ្វ័រញ៉ា មិនបោះឆ្នោតឲ្យ។
កន្លងមក លោក Dana Rohrabacher ដែលជាសម្ព័ន្ធមិត្តរបស់គណបក្សប្រឆាំងនៅកម្ពុជា ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានបង្ហាញពីទង្វើខ្មៅងងឹតរបស់គាត់ចំពោះកម្ពុជា តាមរយៈគាំទ្រគណបក្សប្រឆាំងពេញទំហឹង និងទាមទារឲ្យសម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីកើតចេញពីការបោះឆ្នោតស្របច្បាប់របស់កម្ពុជា កាលពីឆ្នាំ២០១៣ ចុះចេញពីតំណែងទៀតផង។
សូមជំរាបថា តាមសារព័ត៌មាន CNN ចេញផ្សាយឲ្យដឹងថា គណបក្សប្រជាធិបតេយ្យ បានគ្រប់គ្រងសភាតំណាងរាស្ត្រអាមេរិកហើយ ខណៈគណបក្សសាធារណរដ្ឋជាអ្នកគ្រប់គ្រងព្រឹទ្ធសភា។ ការបោះឆ្នោតសភាអាមេរិកពាក់កណ្ដាលអាណត្តិ (ព្រឹទ្ធសភា និងរដ្ឋសភា) ប្រជាជនអាមេរិកត្រូវបោះឆ្នោតជ្រើសសមាជិកសភាទាំង៤៣៥រូប និងសមាជិកព្រឹទ្ធសភា៣០រូប ក្នុងចំណោមបេក្ខភាពសមាជិកសភា ១០០នាក់ រីឯអភិបាលរដ្ឋក៏នឹងត្រូវបានជ្រើសរើសក្នុងរដ្ឋ៣៦ នៃរដ្ឋចំនួន៥០ផងដែរ៕