(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី៧ ខែវិច្ចិកា ឆ្នាំ២០១៨ មានករណីអគ្គិភ័យ បានឆាបឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ករណីភ្លើងឆេះផ្ទះខាងលើ ត្រូវបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងទាំងស្រុង។ ក្នុងនោះផ្ទះប្រជាពលរដ្ឋដែលត្រូវបានអគ្គិភ័យឆាបឆេះនោះ មានឈ្មោះ
ឈ្មោះ វង អាយុ៥៥ឆ្នំា មានទំហំផ្ទះទទឹង ៨ គុណនឹង១១ម៉ែត្រ ផ្ទះធ្វើអំពីឈើប្រក់ក្បឿង ត្រូវបានខូចខាតទាំងស្រុង។ ដោយឡែក ផ្ទះមួយខ្នងទៀតត្រូវបានខូចខាតដូចគ្នា។
សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា កម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តស្ទឹងត្រែង បានប្រើប្រាស់ឡានទឹក បាញ់ទឹកអស់ចំនួន៣ឡានទឹក និងគ្រប់គ្រងស្ថានការណ៍បាន ទាំងស្រុងនៅវេលាម៉ោងប្រមាណជា៣រសៀល។
សមត្ថកិច្ចឲ្យដឹងផងដែរថា ភ្លើងឆេះផ្ទះនេះ អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ឬក៏ទុស្សេខ្សែភ្លើងព្រោះដំបូងឡើយគេ ឃើញមានផ្សែងហុយហុយនៅចេញពីបន្ទប់ខាងមុខ។ សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋមិនមានបណ្ដាលឲ្យ ប្រជាពលរដ្ឋរងរបួស ឬក៏មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕