(ត្បូងឃ្មុំ)៖ អគារសេនាធិការដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងតំណាងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឡុង ធាម អភិបាលរងខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពីស្នងការដែលមកពីខេត្តក្រចេះ ព្រៃវែង ស្វាយរៀង កំពង់ចាម និងតំណាងស្នងការ៥រូប មកពីខេត្ត តៃនិញនិងខេត្តប៊ិញភឿក ប្រទេសវៀតណាម រួមទាំងមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះលោក ឆាយ គឹមខឿន អគ្គស្នងការរងតំណាងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងកោតសរសើដល់ស្នាដៃដឹកនាំ និងការធ្វើកិច្ចការប្រកបដោយជោគជ័យកន្លងមក របស់ស្នងការដ្ឋានខេត្តត្បូងឃ្មុំ និងកងកម្លាំងទាំងអស់ ដែលខិតខំបំពេញកិច្ចការមិនខ្លាចនឿយហត់ ជាពិសេសអគុណយ៉ាងជ្រាលជ្រៅ ដល់ ស្បុរសជននានា ដែលបានបរិចាគជាថវិការ និងគ្រឿងសំភារៈសំរាប់កសាងអគារសេនាធិការនេះឡើងផងដេរ។
លោកបានសំនូមពរ ដល់លោកស្នងការ ត្រូវគិតគូរឲ្យបានម៉ត់ចត់ក្នុងការសាងសង់ ធ្វើយ៉ាងណាអោយសម្រេច និងបញ្ចប់ការសាងសង់ ទៅតាមគម្រោងដែលបានកំណត់ ដោយគិតពីសោភណ្ឌភាព និងគុណភាពនៃសំណង់, ធានាអគារសេនាធិការដ្ឋាននេះ ឲ្យក្លាយទៅជាទីតាំងដ៏សំខាន់ក្នុងដោះស្រាយ និងធានាសេចក្ដីសុខប្រជាពលរដ្ឋ នៅតែបន្ដធ្វើជាសេនាធិការជូនគណៈអភិបាល លើការងារសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យសន្ដិសុខ ពង្រឹងនិងបំផុសនូវចលនាភូមិឃុំមានសុវត្ថិភាព បន្តអនុវត្តផែនការយុទ្ធនាការរបស់រាជរដ្ឋាភិបាលសំខាន់ៗ ដូចជាបញ្ហា គ្រឿងញៀន ល្បែងស៊ីសង និងបញ្ហាក្មេងទំនើង ជាពិសរសខិតខំបង្ការនិងបង្ក្រាបបទល្មើសគ្រប់ប្រភេទ អោយថយចុះជាអតិបរិមាផងដែរ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងដែរថា៖ ក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសក្រោមការចង្អុលដឹកនាំផ្ទាល់ពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្ដល់មូលនិធិសប្បុរសជន និងបានកំណត់គោលការណ៍ដល់ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដើម្បីស្វះស្វែងរកមូលនិធិសប្បុរសជននានាបន្ថែម ដើម្បីសាងសង់អគារសេនាធិការដ្ឋាន នៃស្នងការដ្ឋានខេត្ត ដែលមានទំហំ ១,៨០០ម៉ែត្រការ៉េ កំពស់២ជាន់ ធ្វើអំពីបេតុង ប្រក់ក្បឿង មានចំនួន២៤បន្ទប់ និងសាលប្រជុំមួយ ដែលផ្ទុកមនុស្សបានចំនួន២៥០នាក់ ដោយគ្រោងប្រើប្រាស់ថវិការប្រមាណ ២៥០,០០០$ រួមនឹងអគារ ១ជាន់ មាន ៨ បន្ទប់សម្រាប់ផែនផ្សេងៗ ដែលគ្រោងនឹងចំណាយថវិការប្រមាណ ៦០,០០០$ សរុបចំនួន៣១ម៉ឺនដុល្លារ ដោយទាំងនេះ មិនទាន់គិតបញ្ចូលពីការរៀបចំប្រព័ន្ធទឹក ភ្លើង និងសម្ភារៈបរិក្ខារៗផ្សេងៗនោះទេ៕