(ស្វាយរៀង)៖ បុរសម្នាក់បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកដី និងម៉ូតូដោយបានបុកគ្នាយ៉ាងពេញទំហឹង នៅលើដងផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ ធ្វើឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗមួយរំពេច រីឯរថយន្តបុកហើយអូសជាង៣០ម៉ែត្រ ទើបជាន់ប្រាំងជាប់។
ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តដឹកដីមួយគ្រឿង បើកយ៉ាងលឿនមកពីទិសខាងលិចឆ្ពោះទៅទិសខាកើត ស្របទិសដៅគ្នាលុះដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូពីរគ្រឿងបើកវ៉ាជែងគ្នា បណ្ដាលឲ្យរេចង្កូតចូលចំផ្លូវរថយន្ត ដែលកំពុងតែបើកបរស្របទិសដៅគ្នាត្រង់ចំណុចភូមិកើតហេតុខាងលើ បានបុកយ៉ាងពេញទំហឹងធ្វើឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង អាយុ៤១ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប មុខរបជាអ្នកលក់សាច់គោ រីឯរថយន្តបង្កពាក់ស្លកលេខ កំពង់ចាម 3A-5 751 បើកបរដោយបុរសឈ្មោះ ពត ដឹម អាយុ៣៤ឆ្នាំ មុខរបរបើករថយន្ត បច្ចុប្បន្នរស់នៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ក្រោយពេលកើតហេតុ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានយកទៅអធិការរដ្ឋានស្រុកស្វាយទាប រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់។
រីឯសពជនរងគ្រោះ ក្រោយកើតហេតុរួច សមត្ថកិច្ចបានប្រគល់ឱ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំងអស់សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូន ទៅអធិការស្រុកស្វាយទាបរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា នៅត្រង់ចំណុចកើតហេតុគ្រោះថ្នាក់ខាងលើនេះ (ខាងលិចស្ពានប្រសូត្រ) ចម្ងាយប្រហែលជាង១គីឡូម៉ែត្រ គឺឧស្សាហ៍ជួបប្រទះនូវគ្រោះថ្នាក់ចរាចរណ៍ណាស់ ហើយសុទ្ធសឹងតែស្លាប់ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន ហៅថាកន្លែងជើងកប ហើយពួកគាត់ចង់ឱ្យអាជ្ញាធរគួរនិមន្តព្រះសង្ឃ ឬអាចារ្យធ្វើពិធីសូត្រមន្តចេញ ដើម្បីកុំឱ្យកើតមាននូវគ្រោះថ្នាក់ដ៏សាហាវៗដូច្នេះទៀត៕