(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ ដោយបានបញ្ជាក់ និងពន្យល់តាមផ្លូវច្បាប់អំពីចំណាត់ការ និងការចោទប្រកាន់ របស់ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន លើសំណុំរឿងក្រុមចោរឆក់ទូរស័ព្ទនៅតាមដងផ្លូវ កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។

ការចេញសេចក្តីថ្លែងការខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់មួយចំនួនទៅលើចំណាត់ការនៃការចោទប្រកាន់របស់ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ពាក់ព័ន្ធ ការប្តូរបទចោទប្រកាន់ក្រុមចោរឆក់ ពីធ្ងន់មកស្រាល ឆ្ងាយពីសេចក្តីសន្និដ្ឋានរបស់នគរបាលយុត្តិធម៌ដែលខំដេញចាប់ចោរ និងកសាងសំណុំរឿងបញ្ជូនទៅលោកតុលាការ។

សេចក្តីថ្លែងការណ៍ បានពន្យល់ថា ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានធ្វើការចោទប្រកាន់ទៅលើក្រុមចោរទាំង២នាក់ តាមមាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ដោយធ្វើឡើងដោយគោរពតាម បទបញ្ញត្តិច្បាប់ជាធរមានយ៉ាងត្រឹមត្រូវ ក្នុងគោលដៅសម្រេចឲ្យបាននូវការអនុវត្តច្បាប់ និងលុបបំបាត់និទណ្ឌភាព។

សូមជម្រាបជូនថា កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឃាត់ខ្លួន​ក្រុមលោកចោរ​ទាំង​២នាក់ កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ​២០១៨ នៅចំណុចផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បន្ទាប់ពីពួកគេ​ជិះម៉ូតូឆក់ទូរសព្ទ័ដៃម៉ាក iPhone 7Plus ពណ៌ខ្មៅ ពីជនរងគ្រោះ នៅចំណុចមុខផ្ទះលេខ១៣ ផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ច​ដកហូតបាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ចំនួន​០១​គ្រឿង (ម៉ូតូសម្រេចជិះធ្វើសកម្មភាព ឆក់ និងប្លន់), ម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ សលាយត្រួយចេក ស៊េរីឆ្នាំ​២០១៥ ចំនួន​០១គ្រឿង (ជារបស់ដែលគេ ប្លន់បានពីជនរងគ្រោះ) និងទូរសព្ទ័ដៃម៉ាក iPhone 7Plus ពណ៌​ខ្មៅ ជារបស់ជនរងគ្រោះ។

យ៉ាងណាក៏ដោយ តាមសេចក្តីរាយការណ៍មួយចំនួន ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបានកាលពីចុងខែតុលា ឆ្នាំ២០១៨ ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ក៏បានសម្រេចដោះលែង ជនសង្ស័យមួយចំនួនផងដែររួមមាន៖ ជនជាតិ អ៊ីស្រាអ៊ែល ដែលជាប់ពាក់ព័ន្ធករណី បរិហារកេរ្តិ៍ និងបង្ហោះរូបអាសអាភាស, ជនសង្ស័យជាថៅកែឃ្លាំងរថយន្តជាប់ពាក់ព័ន្ធ ករណី ទទួលផលចោរកម្ម និងទិញឡានពីចោរ, ជនសង្ស័យក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ជាដើម៕