(ពោធិ៍សាត់)៖ កម្លាំងនគរបាលផែនការងារប្រឆាំងបទល្មើស សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកបាកាន ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី រស់ ប៊ុនណាន ស្នងការរងនគរបាលខេត្ត បានចុះកាប់បំផ្លាញ និងដុតកម្ទេចចោលទីតាំងដាំដើមកញ្ឆាដោយខុសច្បាប់។
ប្រតិបត្តិការនេះធ្វើឡើង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចទ្រូងខ្លា ស្ថិតនៅក្នុងភូមិតាំងគោក ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកឧត្តមសេនីយ៍ត្រី រស់ ប៊ុនណាន បានថ្លែងថា ក្រោមការចង្អុលការបញ្ជាពីលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា សាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចនគរបាលផែនការងារប្រឆាំងបទល្មើសបានសហការ កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកបាន និងអាជ្ញាធរមូលដ្ឋាន បានចុះដល់កន្លែង ឃើញថា មានការលួចដាំដំណាំកញ្ឆាដោយខុសច្បាប់ចំនួន១០កន្លែង មាន៧៩រង ស្មើនឹង៣៥៦៩ដើម ព្រមទាំងសម្ភារមួយចំនួន សមត្ថកិច្ចបានធ្វើកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង។
លោក នូវ នឿន អាយុ៦២ឆ្នាំ រស់នៅភូមិថ្មី ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា ការដាំកញ្ឆាជាច្រើនដើមនេះ គឺម្ចាស់ឈ្មោះ រី ភេទប្រុស រស់នៅខេត្តតាកែវ ជាអ្នកដាំ។
ក្រោយពីការសាកសួររបស់សមត្ថកិច្ច វត្ថុតាងមួយចំនួន ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបង្កសំណុំរឿងស្វែងរកចាប់ខ្លួន ជនល្មើសដើម្បីចាត់ការតាមនីតិវិធី៕