(ភ្នំពេញ)៖ ក្រុមហ៊ុនឈានមុខគេនៅកម្ពុជា លើការផ្ដល់សេវាកម្មអ៉ីនធើណិត Digi នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រកាសដាក់ចេញនូវគម្រោងថ្មី «Family Plus» ដើម្បីឲ្យអតិថិជនរបស់ខ្លួន ទទួលបាននូវបទពិសោធន៍ជីវិតថ្មី ស្របតាមសម័យឌីជីថល លើការប្រើប្រាស់អ៉ីនធឺណិត រួមនឹងការទស្សនាកម្មវិធីទូរទស្សន៍បែបឆ្លាតវ័យ។
Family Plus គឺជាម្រោងថ្មី ដែលអាចផ្ដល់ជម្រើសច្រើន ដល់អ្នកប្រើប្រាស់ ដូចជា៖ ការកម្សាន្ត ចំណេះដឹង ជាមួយនឹងការភ្ជាប់ទំនាក់ទំនង រវាងក្រុមគ្រួសារ មិត្តភក្តិ និងពិភពលោកទាំងមូល។ Family Plus អាចតភ្ជាប់គ្រប់ម៉ូឌែលនៃទូរទស្សន៍។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក Julien Lussiez ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន Digi បានលើកឡើងថា ក្រុមហ៊ុនបានមើលឃើញនូវការលំបាករបស់ពលរដ្ឋកម្ពុជា ក្នុងការទទួលបាននៅបទពិសោធជីវិតថ្មីតាមបែបឌីជីថល ដូច្នេះទើប Digi ក៏បានដាក់ចេញនៅគម្រោង Family Plus នេះឡើង។
ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន Digi រូបនេះ បានបញ្ជាក់ថា «អតិថិជនគ្រាន់តែទិញនៅគម្រោងនេះ នឹងទទួលបានការប្រើប្រាស់អ៉ីនធឺណិត និងការទស្សនាកម្មវិធីទូរទស្សន៍ រឿងល្បីៗ ការអប់រំ និងកម្មវិធីកម្សាន្តនានា ក្នុងពិភពលោក»។
លោក Julien Lussiez បានបន្ដថា «អតិថិជនអាចទស្សនាការផ្សាយផ្ទាល់កម្មវិធីទូរទស្សន៍ ឬបើសិនលោកអ្នកចង់មើលកម្មវិធី the voice Cambodia ក្នុងយប់នេះ ប៉ុន្តែអ្នកត្រូវទៅកម្មវិធីរបស់មិត្តអ្នក អ្នកនឹងខកខានមិនបានមើលកម្មវិធីហ្នឹងទេ។ ដូច្នេះបើអ្នកមានគម្រោង Family Plus អ្នកអាចមើលកម្មវិធីទូរទស្សន៍នេះឡើងវិញបាន អ្នកនឹងមិនខកខាននោះទេ»។
លោកបានបន្ថែមទៀតថា គម្រោងនេះ គឺជាការផ្ដល់នៅសេវាកម្មទូរទស្សន៍បែបឆ្លាត់វ័យ ដែលមានមុខងារ និងជម្រើសជាច្រើន ខុសពីទូរទស្សន៍ដែលពលរដ្ឋកម្ពុជា កំពុងមានសព្វថ្ងៃ អតិថិជននឹងទទួលបាននូវបទពិសោធថ្មី រួមជាមួយការចំណាយតិច។ អតិថិជនទិញតែមួយ ទទួលបានរហូតដល់ទៅ២ គឺការប្រើប្រាស់អ៊ីនធឺណិត និងការទស្សនាកម្មវិធីទូរទស្សន៍។
Family Plus គឺជាគម្រោងរួមគ្នារវាង Digi និង Sing Meng ដែលសុទ្ធសឹងតែជាក្រុមហ៊ុនមានជំនាញ លើពហុប្រព័ន្ធផ្សព្វផ្សាយ និងឈានមុខគេនៅកម្ពុជា ដើម្បីនាំយកនូវបច្ចេកវិទ្យាថ្មីសម្រាប់ពលរដ្ឋកម្ពុជា។
ដោយឡែក លោក Andrey Shee ប្រធានផ្នែកប្រតិបត្តិនៃក្រុមហ៊ុន Sing Meng លើកឡើងថា ក្រុមហ៊ុន Digi និង Sing Meng បានសម្រិតសម្រាំងទាំងគុណភាពផលិតផល និងគុណភាពអ៊ីនធឺណិតកម្រិត 4K របស់ខ្លួនទៅតាមការចង់បានរបស់អតិថិជន។ កម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្កាល់ ដូច្នេះពលរដ្ឋកម្ពុជាគួរតែទទួលបានជីវិតបែបរស់រវើក។
សូមជម្រាបថា គម្រោង Family Plus មាន៣ជម្រើសសម្រាប់អតិថិជន ដោយក្នុងនោះអតិថិជនអាចជ្រើសរើសការចំណាយ ១៥.៩៩ ដុល្លារ ទទួលបានអ៊ីនធឺណិត ៩មេកាបៃ,១៩.៩៩ដុល្លារ ទទួលបានអ៊ីនធឺណិត១២ មេកាបៃ, និង២៩.៩៩ ដុល្លារ ទទួលបានអ៊ីនធឺណិត១៥មេកាបៃក្នុងមួយខែ រួមទាំងការទទួលបានការតម្លើងដោយមិនគិតថ្លៃ៕