(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង១៣៖៥៥នាទីរសៀល ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៤ (GS4-F8) នៅខណ្ឌដង្កោ, ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយសារតែមានប៉េងប៉ោងហើរទាក់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV)។

តំបន់ទាំងនោះរួមមាន ទី១៖ ចាប់ពីភូមិវាលកណ្តោល ឃុំបាគូ ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល រហូតដល់ភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី២៖ ចាប់ពីវត្តត្រគៀត សង្កាត់កន្ទោក រហូតដល់ភូមិកប់គង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស បានធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជន ឲ្យមានចរន្តប្រើប្រាស់ឡើងវិញហើយ នៅវេលាម៉ោង១៥៖៣៥នាទីរសៀល។

ជាមួយគ្នានោះ អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕