(ព្រៃវែង)៖ «តើជាទារុណកម្មសម្រាប់ជីវិត ឬយ៉ាងណា? កើតបាន ៧ខែ ម្តាយស្លាប់ចោល អាយុបាន ២១ឆ្នាំ ជួបគ្រោះអកុសលចរន្តអគ្គិសនីឆក់កាត់ដៃទាំងសងខាង។ ហេតុអ្វីជីវិតខ្ញុំជួបរឿងវេទនាម្ល៉េះ? តើខ្ញុំបានសាងបាបកម្មអ្វី?»។ នេះជាការត្អូញត្អែរបស់យុវជនដ៏កម្សត់មួយរូបរស់នៅភូមិអង្កាញ់ ឃុំអង្កាញ់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
យុវជនដ៏កម្សត់រូបនេះមានឈ្មោះថា វុន វណ្ណា អាយុ ២៤ឆ្នាំ។ បច្ចុប្បន្ន កំពុងរស់នៅជាមួយជីតាអាយុ ៨៨ឆ្នាំ ក្នុងខ្ទមតូចមួយយ៉ាងវេទនា ព្រោះតែរូបគេមិនអាចស្វែងរកថវិកាចិញ្ចឹមជីវិតដូចពេលមុនបានទៀតនោះឡើយ។
វណ្ណា បានកើតក្នុងគ្រួសារក្រីក្រមួយក្នុងភូមិឃុំខាងលើ ពេលកើតបាន ៧ខែ ម្តាយ វណ្ណា ក៏បានស្លាប់ចោលទៅ។ ជាកូនកំព្រាម្តាយ ឪពុករកគ្រួសារថ្មី ហើយជីវភាពក្រីក្រទៀតនោះ វណ្ណា មិនបានសិក្សារៀនសូត្រឲ្យបានជ្រៅជ្រះដូចកុមារដទៃនោះឡើយ។
«គ្រួសារខ្ញុំក្រ ហើយកំព្រាម្តាយ ឪពុកមានគ្រួសារថ្មី ខ្ញុំមិនអាចមានឱកាសសិក្សារៀនសូត្រដូចក្មេងដទៃនោះទេ។ នៅតូចឃើញកូនគេទៅរៀនសូត្រ តែងចង់ទៅរៀនហ្នឹងគេ តែយើងក្រមានបង្គោលគ្រួសារត្រឹមត្រូវ ដូច្នេះខ្ញុំមិនបានទៅរៀនសូត្រហ្នឹងគេទេ ហើយចេះតែដើរស៊ីឈ្នួលធ្វើនេះធ្វើនោះឲ្យគេ ដើម្បីបានថវិកាខ្លះៗចិញ្ចឹមជីវិត»។ នេះជាការរៀបរាប់របស់យុវជន វណ្ណា ជាមួយសំឡេងអួលដើមកផង។
ចាប់តាំងពីដឹងក្តីពេលណាមក វណ្ណា បានត្រាច់ចរណ៍ស៊ីឈ្នួលគេគ្រប់បែបយ៉ាង ដើម្បីបានថវិកាចិញ្ចឹមជីវិត និងជីតាដែលមានវ័យចំណាស់។ នៅប៉ុន្មានឆ្នាំមុននេះ វណ្ណា មានរបរស៊ីឈ្នួលផ្សារដែកឲ្យគេ។ របរស៊ីឈ្នួលផ្សារដែក បើទោះបីបានប្រាក់ឈ្នួលត្រឹម ៣៥ម៉ឺនរៀលក្នុងមួយខែ តែក៏បានជួយឲ្យការរស់នៅរបស់យុវជន វណ្ណា មានភាពប្រសើរបន្តិចបើធៀបពេលដែលគេនៅតូច។
តែភាពប្រសើរក្នុងជីវិតជាយុវជនពេញវ័យនេះ មិនបានប៉ុន្មានផង ទារុណកម្មជីវិតថ្មីមួយទៀត បានចូលមកញ៉ាំញីជីវិតយុវជនដ៏កម្សត់រូបនេះ។ នៅឆ្នាំ២០១៥ ពេលកំពុងស៊ីឈ្នួលផ្សារដែកឲ្យគេនៅក្នុងខេត្តក្រចេះ វណ្ណា ត្រូវបានចរន្តអគ្គិសនីឆក់ឆេះខ្លោចពេញរៀងកាយ តែមិនបានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ បើទោះបីជីវិតត្រូវបានសង្គ្រោះ តែ វណ្ណា ត្រូវបានគ្រូពេទ្យកាត់ដៃទាំងសងខាង។
ទារុណកម្មជីវិតជាថ្មី បានធ្វើឲ្យ វណ្ណា គិតខ្លីចង់បញ្ចប់ជីវិតម្តងៗទៅហើយ។ ការពន្យល់ណែនាំពីជីតា បានក្លាយជាឱសថជួយឲ្យយុវជនរូបនេះពង្រឹងស្មារតីប្រឹងរស់ជាថ្មី។
យុវជន វណ្ណា បានរៀបរាប់ថា «ពេលខ្ញុំធ្លាក់ខ្លួនពិការ គឺលំបាកមែនទែនសូម្បីតែហូបចុក បត់ដៃបត់ជើង ធ្វើអ្វីផ្សេងៗទៀត គឺលំបាកមែនទែនបង។ ពេលខ្លះខ្ញុំគិតថា មិនដឹងជារស់នៅមានន័យអ្វីទៀតទេ ហើយចង់បញ្ចប់ជីវិតខ្លួនឯងម្តងៗទៅហើយ»។
ពេលទទួលបានការពន្យល់ណែនាំពីជីតា និងការលើកទឹកចិត្តពីអ្នកភូមិផងរបងជាមួយ បានធ្វើឲ្យ វណ្ណា តស៊ូប្រឹងរស់លើភពផែនដីជាថ្មី ហើយរស់ជាមួយសេចក្តីថ្លៃថ្នូរថែមទៀតផង។ មានមនុស្សមួយចំនួនកុំថាឡើយដល់ពិការដៃទាំងសងខាងដូច វណ្ណា ទោះបីមានកាយសម្បទាគ្រប់គ្រាន់ តែពួកគេគ្មានការតស៊ូរស់ជាមួយភាពថ្លៃថ្នូរនោះឡើយ ពួកគេជ្រើសយកវិថីត្រាច់ចរណ៍តាមផ្សារ និងទីសាធារណៈនានា ដើម្បីសុំការដាក់ទានពីជនមានទឹកចិត្តសម្បុរស។
សម្រាប់ វណ្ណា វិញ កុំថាឡើយកូនចិត្តចង់ធ្វើជាអ្នកសុំទាន សូម្បីតែមានគេមកបបួលទៅដើរសុំទានក៏ វណ្ណា មិនធ្វើតាមដែរ។ វណ្ណា បានឲ្យដឹងថា នៅពេលរូបគេធ្លាក់ខ្លួនពិការបែបនេះ មានមនុស្សមកបបួលគេឲ្យទៅសុំទានតាមផ្សារ។ ប៉ុន្តែរូបគេមិនបានជ្រើសយកវិថីបែបនេះនោះឡើយ។
វណ្ណា បានរៀបរាប់ថា «ខ្ញុំប្រឹងប្រែងរស់នៅក្នុងភាពថ្លៃថ្នូរ ខ្ញុំមិនទៅដើរលើកដៃសុំទានតាមផ្សារនោះឡើយ។ ឃើញខ្ញុំពិការបែបនេះ មានគេមកបបួលខ្ញុំទៅសុំទាន តែខ្ញុំមិនទៅនោះឡើយ។ ទោះបីលំបាកយ៉ាងណាក៏ដោយខ្ញុំមិនអាចទៅលើកដៃសុំទានតាមផ្សារបានឡើយបង»។
ដើម្បីទ្រទ្រង់ជីវិតខ្លួន និងជីតាជរាម្នាក់នោះ បច្ចុប្បន្នយុវជន វណ្ណា បានមានគំនិតចិញ្ចឹមមាន់ និងទិញគោយកមកចិញ្ចឹម ហើយលក់ចេញ ដើម្បីបានប្រាក់កម្រៃខ្លះៗ។ ការចិញ្ចឹមមាន់របស់ វណ្ណា មិនធំដុំនោះទេ គឺចិញ្ចឹមតិចតួចប៉ុណ្ណោះ តាមរយៈថវិកាដែលជាការឧបត្ថម្ភពីសប្បុរសជនមួយចំនួន។
ទុក្ខវេទនា និងការតស៊ូរបស់យុវជន វណ្ណា បានធ្វើឲ្យមនុស្សជាច្រើន ដែលបានឃើញពីជីវិតរបស់គេបង្ហោះតាមបណ្តាញសង្គម Facebook ហើយនោះ កើតក្តីអានិតអាសូរ និងកោតសរសើរចំពោះស្មារតីតស៊ូរបស់គេផងដែរ។
នៅសប្តាហ៍កន្លងទៅនេះ ឧកញ៉ាផាសុកបណ្ឌិត គាង សេង អគ្គនាយកក្រុមហ៊ុនគាងសេង ស៊ីមនអិុនធឺណេសសឺណល បានធ្វើដំណើរចុះទៅដល់ខ្ទមរបស់ វណ្ណា ដោយបាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនធំ រួមទាំងថវិកាទៅជូនរូបគេផងដែរ។
ឧកញ៉ា គាង សេង ដែលជាកុមារកំព្រាឪពុក និងធ្លាប់តស៊ូពុះពារក្នុងឆាកជីវិតដ៏សែនកម្សត់ជាច្រើនដែរនោះ បានបង្ហាញក្តីអានិតអាសូរជាខ្លាំងចំពោះយុវជន វណ្ណា។ លោកឧកញ៉ា បានស្ញប់ស្ញែងខ្លាំងណាស់ផងដែរ ចំពោះស្មារតីពុះពារចំពោះឧបសគ្គរបស់ វណ្ណា ជាពិសេសការមិនជ្រើសយកវិថីសុំទានរបស់គេ។
បំណងប្រាថ្នាទៅថ្ងៃមុខរបស់យុវជន វណ្ណា គឺចង់បានទ្រុងមាន់មួយសមរម្យអាចចិញ្ចឹមមាន់បានច្រើន ហើយមានភាពរឹងមាំ ដើម្បីការពារចោរដែលឧស្សាហ៍លួចមាន់របស់គេ។ វណ្ណា ក៏ចង់បានអំពូលភ្ញាស់ពងមាន់មួយផងដែរ។ វណ្ណា ជឿថា បើគេមានទ្រុងមាន់មួយសមរម្យ ហើយមានអំពូលភ្ញាស់ពងមាន់ទៀតនោះ គេនឹងប្រឹងប្រែងចាប់របរនេះ ដើម្បីធ្វើឲ្យជីវិតអាចរស់នៅបានល្អប្រសើរ។
ដើម្បីសម្រេចបំណងប្រាថ្នាមួយនេះ វណ្ណា គ្មានក្តីរំពឹងណាក្រៅពីសម្បុរសជនដែលមានទឹកចិត្តសម្បុរសធម៌នោះឡើយ។ វណ្ណា តាមរយៈអង្គភាពព័ត៌មាន Fresh News ទទូចអង្វរសូមក្តីមេត្តា និងសណ្តោសពីសប្បុរសជននានា ជួយឧបត្ថម្ភថវិកាជួយសម្រេចបំណងប្រាថ្នារបស់គេ ក៏ដូចជាជួយឲ្យជីវិតរបស់គេមានពន្លឺជាថ្មី។
សប្បុរសជនដែលមានបំណងជួយដល់យុវជន វណ្ណា សូមទាក់ទងតាមទូរស័ព្ទផ្ទាល់របស់គាត់ ០៩៦ ៩៣០ ៣៨៣៩៕