(ភ្នំពេញ)៖ នៅរសៀលថ្ងៃថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីការបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទចំនួន៦នាក់ ដែលជាក្រុមចោរជំនាញខាងឆ្កឹះសោលួចយករថយន្ដ និងទទួលផលចោរកម្មយ៉ាងកក្រើក ក្នុងរាជធានីភ្នំពេញ នាពេលកន្លងមកដាក់ពន្ធនាគារ រង់ចាំការជុំនុំជម្រះទោសទណ្ឌនៅពេលក្រោយ។
ការសម្រេចបង្គាប់ឱ្យឃុំខ្លួននេះ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោក លី សុផាណា បានបញ្ចប់បើកការសាកសួរ និងបានសម្រេចចោទប្រកាន់លើក្រុមជនសង្ស័យទាំង៦នាក់ ពីបទ «លួច និងទទួលផលចោរកម្ម»។
កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មានមួយ បង្ហាញមុខក្រុមជនសង្ស័យ ជាអ្នកទទួលផលចោរកម្ម និងជាចោរខាងឆ្កឹះសោលួចរថយន្ដយ៉ាងកក្រើកក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក ចំនួន៦នាក់ ក្នុងនោះមានស្រីម្នាក់ មុនបញ្ជូនពួកគេទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។
ការបង្ហាញមុខក្រុមចោរទាំងនេះ បានធ្វើឡើងរួមជាមួយវត្ថុតាងរថយន្ដចំនួន៧គ្រឿង, ម៉ូតូ៦គ្រឿង, ស្លាកលេខ១២បន្ទះ និងសម្ភារគ្រឿងបន្លាស់រថយន្ដមួយចំនួនទៀតផងដែរ ក្រោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌឬស្សីកែវ បានប្រើរយៈពេល៣ថ្ងៃប៉ុណ្ណោះ ក្នុងការដេញតាមស្រាវជ្រាវបង្ក្រាបបាន ជាបន្តបន្ទាប់ចំនួន៦ករណី ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល, នៅសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ, នៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ, ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន, នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ, នៃគោលដៅផ្សេងៗគ្នា កាលពីថ្ងៃទី៣១ ខែខែតុលា រហូតមកដល់ថ្ងៃទី៣ ដើមខែវិច្ឆិកា ឆ្នាំ២០១៨។
នៅក្នុងសន្និសីទ្ធសារព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបង្ហាញថា ចំពោះវត្ថុតាងដែលសមត្ថកិច្ចសហការគ្នា បង្ក្រាបចាប់យកបានរួមមាន៖
*ទី១៖ រថយន្ដម៉ាក TOYOTA HIGHLANDER ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៣ គ្មានស្លាកលេខ (ភ្នំពេញ2AD-7653) ជារបស់ជនរងគ្រោះឈ្មោះ ភិន រីម ភេទប្រុស អាយុ៤៤ឆ្នាំ
*ទី២៖ រថយន្ដម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ១៩៩៨ គ្មានស្លាកលេខ (ភ្នំពេញ2C-0308) ជារថយន្ដរបស់ជនរងគ្រោះឈ្មោះ ហាក់ វណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ ដែលជនសង្ស័យបានធ្វើសកម្មភាពលួចនៅសង្កាត់ព្រែកថ្មី ក្នុងខណ្ឌច្បារអំពៅ
*ទី៣៖ រថយន្ដម៉ាក TOYOTA CAMRY ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៣ គ្មានស្លាកលេខ (ភ្នំពេញ2K-7134) ជារបស់ជនរងគ្រោះឈ្មោះ យ៉ង់ ធានី ភេទស្រី អាយុ៣២ឆ្នាំ ដែលជនសង្ស័យបានធ្វើសកម្មភាពលួចនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន
*ទី៤៖ រថយន្ដម៉ាក TOYOTA CAMRY ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៣ គ្មានស្លាកលេខ (ភ្នំពេញ 2AB-8131 ជារថយន្ដរបស់ជនរងគ្រោះឈ្មោះ ទេព សាល ភេទស្រី អាយុ៣៦ឆ្នាំ ដែលជនសង្ស័យបានធ្វើសកម្មភាពលួចនៅសង្កាត់ដង្កោ ខណ្ឌដង្កោ
*ទី៥៖ រថយន្ដម៉ាក TOYOTA CAMRY ពណ៌ប្រផេះ សេរីឆ្នាំ១៩៩៨ គ្មានស្លាកលេខ (ភ្នំពេញ2O-3521) ជារថយន្ដរបស់ជនរងគ្រោះឈ្មោះ ឃុន លីដែត ភេទស្រី អាយុ៣៨ឆ្នាំ ដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចនៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ
*ទី៦៖ រថយន្ដម៉ាក TOYOTA CAMRY ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខភ្នំពេញ 2AF-0976 ជារបស់ជនរងគ្រោះឈ្មោះ អឿន ចាន់ដា ភេទស្រី អាយុ៤៣ឆ្នាំ ដែលជនសង្ស័យបានធ្វើសកម្មភាពលួចនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ
*ទី៧៖ រថយន្ដម៉ាក DYD G-I ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិ្ទ 02-2463 ជារថយន្ដរបស់ជនសង្ស័យឈ្មោះ លឹម ឡឹងប៊ុនរ៉ា ហៅផាន់ណា, ឈ្មោះ លន់ រាំបូ, និងឈ្មោះ ផាត់ សុឌី ភេទស្រី ដើម្បីជិះធ្វើសកម្មភាពលួចជាបន្តបន្ទាប់ រួមជាមួយម៉ូតូចំនួន៦គ្រឿងម៉ាកខុសៗគ្នា មានម៉ាកហុងដាសេ១២៥, ម៉ាកហុងដាNex, ម៉ាក XCITER, ម៉ាក Lets, និងម៉ាកហុងដា FTR223ផងដែរ។
បន្ទាប់ពីបញ្ចប់សន្និសីទសារព័ត៌មានចោរលួចរថយន្ដ និងអ្នកទទួលផលចោរកម្មកក្រើកក្នុងរាជធានីភ្នំពេញទាំង៦នាក់ ត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញភ្លាមៗ ក្នុងការអនុវត្តទៅតាមនិតិវិធី រួមមាន៖ ទី១-ឈ្មោះ លឹម ឡេងប៊ុនរ៉ា ហៅផាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (អ្នកលួច) ទី២-ឈ្មោះ លន់ រាំបូ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (អ្នកលួច) ទី៣-ឈ្មោះ ផាត់ សុឌី ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (អ្នកលួច) ទី៤-ឈ្មោះ គឹម សុថារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរចាក់ភ្លេង (DJ) ទី៥-ឈ្មោះ សោម ណារ៉ុង ហៅស្វិត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (អ្នកទទួលផលចោរកម្ម) ទី៦-ឈ្មោះ កែវ នេត្រា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ (អ្នកទទួលផលចោរកម្ម)៕