(ភ្នំពេញ)៖ បើតាមការរំពឹងទុករបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងបណ្ដែតប្រទីព សំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនោះ យ៉ាងហោចណាស់នឹងមានភ្ញៀវទេសចរចូលរួមទស្សនាប្រមាណ ២លាននាក់ ពោលគឺកើនឡើងជាងឆ្នាំមុន ដែលទទួលបានភ្ញៀវទេសចរប្រមាណពី ១.៦លាននាក់ ទៅ ១.៧លាននាក់។
ការថ្លែងបែបនេះរបស់លោក ថោង ខុន ត្រូវបានធ្វើឡើងនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោយបញ្ចប់កិច្ចប្រជុំក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍» នៅទីស្ដីការក្រសួងទេសចរណ៍។
លោកថ្លែងយ៉ាងដូច្នេះថា «ធម្មតាគឺក្នុងអុំទូកម្ដងៗ គឺយើងមិនតិចជាង២លាននាក់ទេ រយៈពេល៣ថ្ងៃហ្នឹង ព្រោះប្រជាពលរដ្ឋចូលរួមច្រើនណាស់»។ លោកថា ការកើនឡើងនេះ គឺដោយសារប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាព មានការអភិវឌ្ឍ ប្រជាពលរដ្ឋមានជីវភាពធូរធា និងមានធនធានគ្រប់គ្រាន់ក្នុងការធ្វើដំណើរទស្សនាកម្សាន្ត។
លោករដ្ឋមន្ត្រីបានបន្តថា គ្រាន់តែប្រជាពលរដ្ឋមកតាមក្រុមកីឡាករទូកង ក៏មានរហូតដល់រាប់ម៉ឺននាក់ដែរ ពីព្រោះតាមខេត្តនីមួយៗមានទូកងច្រើន ក្នុងនោះក្រសួងទេសចរណ៍ និងស្រុកបារាយណ៍ ក៏មានទូកងចំនួន៣ផងដែរ។
លោកបានបញ្ជាក់ថា ក្រសួងទេសចរណ៍ បានខិតខំផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះយ៉ាងផុសផុល ទាំងទៅកាន់ទីផ្សារទេសចរអន្តរជាតិ តាមរយៈទូរទស្សន៍អន្តរជាតិ CNN និងទេសចរជាតិ តាមរយៈទូរទស្សន៍ជាតិកម្ពុជា (ទទក) ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងតាមមធ្យោបាយជាច្រើនទៀត ដើម្បីកៀរគរប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមក្នុងព្រឹត្តិការទេសចរណ៍ដ៏ធំឱ្យបានច្រើនកុះករ។
លោកបានអំពាវបន្ថែមដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីគ្រប់ទីកន្លែង សូមចូលរួមទស្សនាកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងបណ្ដែតប្រទីព សំពះព្រះខែ ឱ្យបានច្រើនកុះករ ហើយត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសំរាម កាកសំណល់ផ្សេង ព្រមទាំងអនាម័យចំណីអាហារ ពោលត្រូវប្រកាន់នូវស្មារតីទទួលខុសត្រូវជានិច្ច៕