(ចិន)៖ ក្រសួងអេកូឡូហ្ស៊ី និងបរិស្ថានចិន នឹងដាក់ចេញវិធានការថ្មីៗ ដើម្បីបង្កើនគុណភាពខ្យល់ ដើម្បីជាផ្នែកមួយនៃការព្យាយាមទប់ទល់នឹងផលប៉ះពាល់ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
បើគិតចាប់ពីឆ្នាំ២០០៥ រហូតដល់ ២០១៧ ចិនបានកាត់បន្ថយបាន៤៦% នៃកម្រិតឧស្ម័នកាបូនដែលបំភាយចេញ ក្នុងសកម្មភាពសេដ្ឋកិច្ចមួយ។ លទ្ធផលនេះ គឺដើរស្របទៅនឹងគោលដៅរបស់រដ្ឋាភិបាលចិន ដែលចង់កាត់បន្ថយវាឱ្យបាន៥០% ត្រឹមឆ្នាំ២០២០។ នេះបើយោងតាមក្រសួងបរិស្ថានចិន។
តែទោះជាយ៉ាងនេះក្តី ក៏បញ្ហាបំពុលបរិយាកាស នៅតែជាបញ្ហាដ៏ធំមួយ សម្រាប់តំបន់ទាំងឡាយ ដែលពឹងផ្អែកខ្លាំងទៅលើថាមពលដែលផលិតចេញពីធ្យូងថ្ម និង ប្រេងផូស៊ីល ជាពិសេសគឺនៅអំឡុងរដូវ ដែលត្រូវការប្រើថាមពលច្រើនតែម្តង ដូចជារដូវរងារជាដើម។ ក្នុងនោះ បញ្ហាដ៏ធំមួយ គឺជាអង្គធាតុល្អិតឆ្មើង ដែលគេដាក់ឈ្មោះឱ្យថា PM 2.5។
ដើម្បីដោះស្រាយនឹងបញ្ហានេះ ក្រសួងបរិស្ថានចិន បានប្រកាសដាក់ចេញវិធានការថ្មីៗ ដើម្បីបន្តកែទម្រង់ការងារការពារបរិស្ថាន ពង្រឹងការត្រួតពិនិត្យលើការអនុវត្តច្បាប់បរិស្ថាន និងបង្កើនសមត្ថភាពសាងសង់ក្នុងទីផ្សារកាបូន។
លោក លាវ យ៉ូវពីន អ្នកនាំពាក្យ ក្រសួងអេកូឡូហ្ស៊ីនិងបរិស្ថានចិន និយាយថា «គោលដៅរបស់យើង គឺចង់កាត់បន្ថយដង់ស៊ីតេជាមធ្យមនៃធាតុ PM2.5 និងចំនួនថ្ងៃដែលត្រូវការបញ្ចេញច្រើន នូវធាតុពុលទៅក្នុងបរិយាកាស ឱ្យបាន៣ភាគរយនៅតំបន់ប៉េកាំង-ធៀនជីន-ហ័រប៉ី និងតំបន់ជ្រោយទន្លេយ៉ង់សេ។ គោលដៅនេះ គឺអាចសម្រេចទៅបាន ហើយវាក៏ផ្អែកលើការវាយតម្លៃរបស់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ជាតិ ទៅលើរចនាសម្ព័ន្ធវិស័យឧស្សាហកម្ម រចនាសម្ព័ន្ធវិស័យថាមពល និងវឌ្ឍភាពនៃការបង្កើនគុណភាពខ្យល់ របស់ប្រទេសចិននាពេលបច្ចុប្បន្នផងដែរ»។
នៅឯសន្និបាតបំរែបំរួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ នាទីក្រុងប៉ារីស ក្នុងឆ្នាំ២០១៥ លោកប្រធានាធិបតី ស៊ី ជីនភីង បានប្រកាសប្តេជ្ញាពង្រឹងសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ជាមួយបណ្តាប្រទេសដែលស្ថិតនៅប៉ែកខាងត្បូង លើការងារដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
ក្រសួងដដែលបានឱ្យដឹងថា ប្រទេសកំពុងអភិវឌ្ឍចំនួន២៩ កំពុងលើកស្ទួយយ៉ាងសកម្មដល់យន្តការសន្សំសំចៃថាមពល ដូចជាប្រព័ន្ធផលិតថាមពលចេញពីពន្លឺព្រះអាទិត្យ និង ថាមពលសូឡា ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន។
សន្និបាតបំរែបំរួលអាកាសធាតុនាឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅឯប្រទេសប៉ូឡូញ នាខែធ្នូ។ ហើយ លោក លី កាវ ដែលជាប្រធានមន្ទីរប្រែប្រួលអាកាសធាតុ នៃក្រសួងអេកូឡូហ្ស៊ី និងបរិស្ថានចិន បានរៀបរាប់អំពីបំណងរបស់ប្រទេសចិន ដែលចង់ឱ្យប្រទេស ដែលទៅចូលរួមសន្និបាតនេះ ជំរុញឱ្យមានការប្តេជ្ញាចិត្តជាសកលមួយ លើការងារកាត់បន្ថយការបំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាស។
លោក លី កាវ ប្រធានមន្ទីរប្រែប្រួលអាកាសធាតុនៃក្រសួងអេកូឡូហ្ស៊ីនិងបរិស្ថានចិន និយាយថា «សម្រាប់ប្រទេសចិន យើងទន្ទឹងចង់សហការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីលើកស្ទួយឱ្យមានជោគជ័យលើសន្និបាតបំរែបំរួលអាកាសធាតុ កាតូវៃ។ សញ្ញាមួយដែលបញ្ជាក់អំពីជោគជ័យនេះ គឺការបញ្ចប់កិច្ចចរចាលើកិច្ចព្រមព្រៀងប៉ារីស ដើម្បីឱ្យកិច្ចព្រមព្រៀងនេះ អាចចាប់ផ្តើមអនុវត្តបាន ក្រោយពីឆ្នាំ២០២០»៕ (សារព័ត៌មាន CCTV របស់ចិន)