(ភ្នំពេញ)៖ បុរសចំណាស់ម្នាក់ បន្ទាប់ពីរូបគាត់ស្រវឹងជោគជាំហើយនោះ ក៏បានស្រែកជេរឡូឡាប៉ោឡែ ខណៈនោះក៏មានយុវជនម្នាក់ដែលនៅក្បែរនោះ ស្តាប់ច្រឡំស្មានតែបុរសស្រវឹងនោះ ជេរមកលើខ្លួនក៏បានទាញដងចប វាយទៅលើជនរងគ្រោះ របួសធ្ងន់បែកហូរឈាមដក់ថ្លុក។ បន្ទាប់ធ្វើសកម្មភាពរួចហើយ ជនដៃដល់បានព្យាយាមរត់គេចខ្លួន ត្រូវនគរបាលតាមចាប់ចំណាយ ពេលពេញ១យប់ ទើបឃាត់ខ្លួនបានយកមកចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៨៖២០នាទីយប់ នៅចំណុចផ្ទះជួល លេខ៥៣A បុរីសន្តិភាព២ ផ្លូវលំ ក្រុមទី៣ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ជនសង្ស័យមាន ឈ្មោះ វ៉ាត់ លីណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួលលេខ 53 A ក្នុងបុរីសន្តិភាព២ ក្រុមទី៣ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ រីឯជនរងគ្រោះឈ្មោះ ម៊ី ស៊ីវ៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅផ្ទះ លេខ 535E ភូមិដំណាក់ត្រយឹង (បុរីសន្តិភាព២) សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
លោក យឹម សារ៉ាន់ បានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកស៊ី ខណៈដែលជនរងគ្រោះស្រវឹងជោគជាំហើយនោះ ក៏បានស្រែកជេរឡូឡា ស្រាប់តែជនបង្កកំពុងនៅក្បែរនោះ ស្មានតែជនរងគ្រោះជេរឪពុក របស់ខ្លួន ក៏ស្ទុះទៅទាញដងចបកាប់ វាយទៅលើជនរងគ្រោះ រងរបួសធ្ងន់បែកមុខហូរឈាមដក់ថ្លុក រួចគេចខ្លួនបាត់មួយយប់ ត្រូវនគរបាលប៉ុស្ដិ៍ចោមចៅ២ តាមចាប់ខ្លួនបានតែម្តង ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ឃាត់ខ្លួនរួមទាំងវត្ថុតាងយកមកសួរនាំ រួចបញ្ជូនបន្តទៅកាន់ផ្នែកជំនាញយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕