Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនថ្មីខេត្តបាត់ដំបង, លោក ចាន់ សំបូរ ជំនួសលោក ខាន់ ម៉ាណេរ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងវិញ

07-11-2018 15:36

(បាត់ដំបង)៖ នាថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០១៨ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនថ្មី ក្រោមអធិបតីភាពលោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ងួន រតនៈ អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុកទាំងអស់ ក្នុងខេត្តជាច្រើននាក់ផងដែរ។

តាមការសម្រេចពីរាជរដ្ឋាភិបាល លោក ចាន់​ សំបូរ ត្រូវបានតែងតាំងជំនួសលោក ខាន់ ម៉ាណេរ ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ចាន់ សំបូរ ប្រធានមន្ទីរថ្មី ទើបប្រកាសចូលកាន់មុខតំណែងថ្មី បានឡើងប្តេជ្ញាចិត្តនៅចំពីមុខគណៈអធិបតីក្នុងអង្គពិធីទាំងមូលថា នឹងខិតខំបន្តភារកិច្ចនេះ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលខេត្ត ដើម្បីចូលរួមបម្រើការងារជំនាញរបស់ខ្លួន និងបំរើសេវាសាធារណៈ ជូនប្រជាប្រជាពលរដ្ឋទូទៅឲ្យកាន់តែល្អ ប្រសើរឡើង។

លោក ងួន រតនៈ បានអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះការតែងតាំងប្រធានមន្ទីរថ្មីនាពេលនេះ និងសូមផ្តាំផ្ញើថា ក្នុងនាមជាអ្នកបន្តវេណ សំខាន់យើងត្រូវមានសាមគ្គីភាពល្អ ជាមួយស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ឲ្យបានល្អដើម្បីធ្វើការជាមួយគ្នា ពិសេសបំរើប្រជាពលរដ្ឋបានល្អប្រសើរផងដែរ។

លោក ខាន់ ម៉ាណេរ បានថ្លែងថា លោក ចាន់ សំបូរ មានការគាំទ្រពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជា មន្រ្តីរាជការក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលធ្លាប់មានស្នាដៃល្អ សីលធម៌ គុណធម៌ មានសមត្ថភាព និងអាចធ្វើការបន្តវេណបានល្អទៅថ្ងៃមុខ។

លោក ប៉ាល់ ចន្ទតារា បានផ្តាំផ្ញើដល់អង្គពិធីថា «យើងមានការងារជាច្រើនទៀត ដែលយើងទាំងអស់គ្នា ត្រូវបន្តធ្វើដើម្បីបំរើទាំងការងារជំនាញ និងការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ»