(កំពង់ឆ្នាំង)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងប្រតិភូអមដំណើរ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះទៅពិនិត្យការចិញ្ចឹមគោ របស់ប្រជាពលរដ្ឋ នៅភូមិស្វាយផ្អែម ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
បើតាមលោក រស់ ពិសិដ្ឋ ម្ចាស់កសិដ្ឋាន បានឲ្យដឹងថា បច្ចុប្បន្នកសិដ្ឋាន មានគោសាច់ចំនួន៦០ក្បាល ចិញ្ចឹមលើផ្ទៃដីចំនួន១០ហិកតា ហើយក្នុងមួយខែអាចរកចំណូល បានជាង២,០០០ដុល្លារ។
នាក្នុងឱកាសនេះ លោករដ្ឋមន្ត្រី វេង សាខុន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក រស់ ពិសិដ្ឋ ក្នុងការចិញ្ចឹមគោដែលជារបរដ៏ល្អមួយ ក្នុងការជួយបង្កើនប្រាក់ចំណូលគ្រួសារ។
លោករដ្ឋមន្ដ្រីបានបញ្ជាក់ថា ប្រាក់ចំណូលនេះ នឹងចូលរួមផ្គត់ផ្គង់សេចក្តីត្រូវសាច់ក្នុងទីផ្សារកម្ពុជា នាពេលបច្ចប្បន្ន និងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ៧% ក្នុងមួយឆ្នាំ និងចូលរួមជាកម្លាំងចលករក្នុង ការសម្រេចចក្ខុវិស័យ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តី វេង សាខុន បានគាំទ្រ និងលើកទឹកចិត្ត ឲ្យខិតខំបន្ថែមទៀត ដើម្បីរក្សាអាជីពនេះ ឲ្យរីកចម្រើននាពេលអនាគត។
នៅថ្ងៃដដែល លោករដ្ឋមន្រ្តី ក៏បានអញ្ជើញបន្តចុះពិនិត្យ មើលស្ថានភាពកសិដ្ឋានដាំបន្លែ សណ្តែកគួរ ត្រសក់ និងត្រកួនសុវត្ថិភាព របស់សហគមន៍ស្វាយមានជ័យ ស្ថិតនៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមាន១៧ក្រុម ស្មើនឹង៩៧គ្រួសារ ដាំដុះលើផ្ទៃដីប្រមាណ៧ហិកតា។
កន្លងមកសហគមន៍ បានទទួលការបណ្តុះបណ្តាលពីមន្រ្តីកសិកម្មខេត្តកំពង់ឆ្នាំង អំពីបច្ចេកទេសនៃការដាំដុះ ហើយក៏ធ្លាប់បានទទួលគាំទ្រ ពីគម្រោងដៃគូមួយចំនួនផងដែរ។ បច្ចុប្បន្ន សហគមន៍បានធ្វើកិច្ចសន្យា ជាមួយវិស័យឯកជនមួយចំនួន ដូចជាក្រុមហ៊ុន KOC និង REMIX ដែលបានប្រមូលទិញ និងចែកចាយទៅទីផ្សារ។
តាមរយៈនៃការអនុវត្តកិច្ចសន្យានេះ សហគមន៍បានទទួលនូវព័ត៌មានអំពីតម្រូវការទីផ្សារជាក់លាក់ និងបានរៀបចំផែនការដាំដុះច្បាស់លាស់តាមការបញ្ជាទិញ ហើយសហគមន៍គ្រោងនឹងពង្រីកបន្ថែមនូវសក្តានុពល ដាំដុះបន្ថែមទៀត ព្រោះសមាជិកសហគមន៍ កំពុងទទួលបាននូវផលប្រយោជន៍ពិតពីការដាំបន្លែ ហើយជីវភាពក៏មានភាពប្រសើរឡើងផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី វេង សាខុន ក៏បានផ្តាំផ្ញើឲ្យសហគមន៍ បន្តពង្រីកលទ្ធភាពបន្ថែម ដើម្បីបំពេញតម្រូវការទីផ្សារ ហើយបានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយដល់បច្ចេកទេសបន្ថែម និងផ្តល់ការគាំទ្រដល់ការបិទស្លាកសម្គាល់ គុណភាពផលិតផលដែលសហគមន៍ផលិតបាន ដើម្បីឲ្យអតិថិជនស្គាល់ពីផលិតផលកម្ពុជា និងមានគុណភាពខ្ពស់៕