(ភ្នំពេញ)៖ ស្របពេលខួបលើកទី៦៥ឆ្នាំ នៃការទទួលបានឯករាជ្យពីប្រទេសបារាំង នឹងចូលមកដល់ឆាប់ៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានឆ្លៀតរំលឹកថា ប្រជាពលរដ្ឋខ្មែរទាំងចងចាំ និងដឹងគុណនូវគុណូបការៈរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងការធ្វើព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពីប្រទេសបារាំង។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងឱកាសដែលសម្តេច បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ២៣,៤៦៦នាក់ទៀតមកពីរោងចក្រ សហគ្រាសចំនួន២០មកតាមស្រុកនានា នៅស្រុកបាទី ខេត្តតាកែវ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «សល់តែ២ថ្ងៃទៀតទេ ខួបលើកទី៦៥ នៃថ្ងៃឯករាជ្យជាតិរបស់កម្ពុជា បានមកដល់ ដែលនឹងធ្វើពិធីធំបង្គួរ នៅវិមានឯករាជ្យ និងនៅមុខព្រះបរមរាជវាំង។ យើងពិតជាមានការដឹងគុណ និងអរព្រះគុណចំពោះសម្តេចព្រះបិតាជាតិរបស់យើង ដែលព្រះអង្គបានប្រឹងប្រែងតស៊ូ ដើម្បីនាំមកនូវឯករាជ្យជាតិសម្រាប់ប្រជាជាតិរបស់យើង»។
សម្តេចបានបន្តថា នៅថ្ងៃសុក្រខាងមុខនេះ ក៏ជាថ្ងៃដែលប្រជាជននៅកម្ពុជាទូទាំងប្រទេស នឹងទទួលការអបអរនូវថ្ងៃខួបឯករាជ្យ ដែលដណ្តើមយកមកដោយលំបាក ក្រោមការដឹកនាំរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ផងដែរ។
ទោះជាយ៉ាងនេះក្តី សម្តេចក៏បានរំលឹកដែរថា ឯករាជ្យរបស់កម្ពុជាពេលនោះ ត្រូវបានជាន់ឈ្លី នៅឆ្នាំ១៩៧០ បន្ទាប់ពីកសាងប្រទេសបានមួយរយៈដោយព្រះវររាជបិតា។ សង្រ្គាមបានហែកហួរប្រទេសកម្ពុជា និងបាននាំប្រទេសនេះ ឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលជាថ្មី៕