(ប៉ៃលិន)៖ លោកវេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានលើកឡើងថា ដើម្បីសម្របសម្រួលក្នុងការពិនិត្យលទ្ធភាពតេស្តឈាមស្វែងរកមេរោគអេដស៍ និងជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គ្រោងនឹងធ្វើឡើងតាមរយៈរថយន្តចល័ត នៅទូទាំងខេត្តប៉ៃលិន។
ការលើកឡើងបែបនេះ របស់លោកវេជ្ជបណ្ឌិត តែង គន្ធី បានធ្វើឡើងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកវេជ្ជបណ្ឌិត បានដឹកនាំក្រុមការងារ ជួបពិភាក្សាជាមួយលោក ហ៊ែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន ព្រមទាំងអង្គភាព និងស្ថាប័នពាក់ព័ន្ធ នៅសាលាខេត្តប៉ៃលិន។
លោកវេជ្ជបណ្ឌិត តែង បានបន្តថា បច្ចុប្បន្នបញ្ហាជំងឺអេដស៍ នៅតែជាបញ្ហាចម្បងមួយផងដែរ ដែលក្រសួងសុខាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការទប់ស្កាត់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីធ្វើយ៉ាងណាលុបបំបាត់ជំងឺអេដស៍ ឱ្យអស់នៅតាមសហគមន៍ និងប្រទេសជាតិទាំងមូល ស្របតាមគោលនយោបាយ យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា បញ្ហាប្រជាពលរដ្ឋចំណាកស្រុក ក៏ជាបញ្ហាមួយចម្បងផងដែរ លើការចម្លងមេរោគអេដស៍ ពីបុគ្គលមួយទៅបុគ្គលមួយ និងពីកន្លែងមួយទៅកន្លែងមួយទៀត ជាពិសេសការចម្លងដែលផ្តោតសំខាន់ទៅលើការស្វែងរកករណីវិជ្ជមានថ្មី ក្នុងចំណោមក្រុមគោលដៅដែលជាស្រ្តីបម្រើការងារ នៅក្នុងសេវាកម្សាន្ត ក្រុមបុរសស្រលាញ់បុរស និងអ្នកបំឡែងភេទ គិតមកទល់សព្វថ្ងៃនេះ បានសម្រេចការធ្វើតេស្តឈាមទៅលើមនុស្ស ១ម៉ឺន១ពាន់នាក់ជាងហើយ ធ្វើឱ្យចំនួនក្រុមគោលដៅ ដែលទទួលបានការតេស្តឈាម។
ក្នុងរយៈពេលតែ៦ខែនេះ សឹងតែជិតឈានទៅដល់ចំនួន ក្រុមគោលដៅសរុបដែលបានកំណត់ទៅហើយ ពោលចំនួនសរុបគឺ ១៩,៤៨៣នាក់ សម្រាប់ចំនួនផែនការរបស់ គម្រោងនេះទំាងនេះរយៈពេល៣ឆ្នាំ ២០១៨-២០២០ ដោយគម្រោងនេះគ្របដណ្តប់លើខេត្តចំនួន១០ នៅភូមិភាគឧត្តរ នៃប្រទេសកម្ពុជា ដែលរួមមាន៖ ខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន, សៀមរាប, កំពង់ធំ, រតនគិរី, ព្រះវិហារ និងឧត្តរមានជ័យ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមធ្វើតេស្តឈាមរកមេរោគអេដស៍ និងជំងឺអេដស៍ តាមរថយន្តចល័ត នាពេលខាងមុខនេះ ដោយស្ម័គ្រចិត្ត។
ក្នុងឱកាសនេះដែរ លោកហែម ឬទ្ធី បានលើកឡើងថា រដ្ឋបាលខេត្តប៉ៃលិន ពិតជាមានក្តីសោមនស្សរីករាយណាស់ ដែលអគ្គលេខាធិការដ្ឋាន ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ បានដឹកនាំក្រុមការងារមកពិភាក្សាផ្តល់លទ្ធភាព ក្នុងការធ្វើតេស្តឈាម រកមេរោគអេដស៍ និងជំងឺអេដស៍ ដោយរថយន្តចល័តនៅក្នុងខេត្តប៉ៃលិន ដែលនេះជាផ្នែកមួយកាន់តែងាយស្រួល ក្នុងការផ្តល់នូវសេវាពិនិត្យនិងព្យាបាលនូវអ្នកមានផ្ទុក មេរោគអេដស៍ ឬកាមរោគផ្សេងៗ ដែលពុំមានពេលវេលាគ្រប់គ្រាន់ និងពិបាកធ្វើដំណើរ ទៅកាន់មណ្ឌលសុខភាព និងមន្ទីរពេទ្យដែលនៅឆ្ងាយ ពីគេហដ្ឋានរបស់ខ្លួន។
លោកបានបន្តថា ពិតណាស់ជំងឺអេសដស៍ ជាជំងឺមួយដែលគួរឱ្យព្រួយបារម្មណ៍ខ្លាំងបំផុត បើអ្នកមានផ្ទុកមេរោគអេដស៍ មិនត្រូវបានថែទាំ និងព្យាបាលឱ្យបានទាន់ពេលវេលានោះទេ ដូច្នេះរដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ ប្តេជ្ញាខិតខំសហការយ៉ាងជិតស្និទ្ធ ព្រមទាំងគាំទ្រ លើការងារផ្តល់សេវាមួយនេះ ដោយវាជាផ្នែកមួយចូលរួមលើកកម្ពស់ជីវភាព សុខមាលភាពរបស់ប្រជាពលរដ្ឋផងដែរ។
បើតាមរបាយការណ៍របស់ ស្លេះ យូ អនុប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០១៨ ការធ្វើតេស្តឈាមលើស្ត្រីមានផ្ទៃពោះ មានចំនួន៥៧០នាក់ និងធ្វើតេស្តឈាមលើដៃគូ ស្ត្រីមានផ្ទៃពោះ បានចំនួន២២៦នាក់ ដោយឡែកការធ្វើតេស្តឈាមលើប្រជាពលរដ្ឋទូទៅនៅ VCCT ចំនួន១៣៩នាក់ រកឃើញវិជ្ជមានចំនួន៨នាក់ ផងដែរ៕