(ព្រៃវែង)៖ មន្រ្តីជំនាញសាខាកាំកុងត្រូខេត្តព្រៃវែង នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ បានសហការជាមួយមន្រ្តី មន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅផ្សារស្វាយអន្ទរ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ១១ ក្នុងភូមិពោធិ៍ចិដ្តាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
លោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូល ខេត្តព្រៃវែង បានឲ្យដឹងថា ក្នុងសកម្មភាព ត្រួតពិនិត្យនេះមន្រ្តីជំនាញរបស់លោក បានធ្វើតេស្តបឋម រកវត្តមានសារធាតុគីមីហាម ឃាត់លើសរសៃរគុយទាវ, ប្រហិតសាច់គោ, ណែមត្រី, ជ្រក់ និងបន្លែផ្លែឈើ សរុបបានចំនួន ១១គំរូ ដែលលទ្ធផលមន្ត្រីជំនាញបានរកឃើញ មានវត្តមានសារធាតុគីមីហាមឃាត់ ប៉ូរ៉ាក់ (Borax) ផ្ទុកក្នុងផលិតផលគុយទាវសរសៃតូច ចំនួន១៨.៥ គីឡូក្រាម និងផ្ទុកក្នុងបាញ់កាញ់ ចំនួន០៧គីឡូក្រាម សរុប ២៥.៥ គីឡូក្រាម។
បន្ទាប់មកមន្ត្រីកាំកុងត្រូល ក៏បានធ្វើកិច្ចសន្យា ផ្តិតមេដៃ ដល់ម្ចាស់ផលិតគុយទាវ ដោយធ្វើការកែប្រែក្នុងការផលិតជាបន្ទាន់ឡើងវិញ និងបានធ្វើកំណត់ហេតុដកហូតគុយទាវ និងបាញ់កាញ់ យកទៅកម្ទេចចោលភ្លាមៗតែម្តង។
លោក អ៊ុត សុភាព បានបន្តថា ក្រៅពីការវិភាគ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យសុពលភាព នៃការប្រើប្រាស់ (ថ្ងៃ ខែ ឆ្នាំផលិត ឬ ថ្ងៃ ខែ ឆ្នាំផុតកំណត់ប្រើប្រាស់) និងស្លាកសញ្ញា លើសំបកវេចខ្ចប់ នៅតាមតូប និងតាមហាងជុំវិញផ្សារស្វាយអន្ទរទៀត ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ ស្រាបៀ ផុតកំណត់ថ្ងៃប្រើប្រាស់ចំនួន៦០កំប៉ុង ស្មើនឹង២០គីឡូក្រាម។
ទន្ទឹមនឹងនោះ មន្ត្រីកាំកុងត្រូល ក៏បានធ្វើការអប់រំណែនាំអំពីអនាម័យ និងការរៀបចំដាក់តាំង លក់តាមប្រភេទផលិតផល ដល់អាជីវករលក់ដូរឲ្យយល់ដឹង ពីសុវត្ថិភាពម្ហូបអាហារ បន្លែមទៀត ដោយបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ Poster ផងដែរ។
មន្ត្រីជំនាញកាំកុងត្រូល ក៏បានសំណូមពរផងដែរដល់អាជីវករ ដែលប្រកបមុខរបរ ផលិត គុយទាវលក់ ដែលមានលក្ខណៈជាគ្រួសារ សូមមេត្តាបញ្ឈប់ដាក់សារធាតុគីមី ហាមឃាត់បូរ៉ាក់ក្នុងគុយទាវ ដែលធ្វើប៉ះពាល់ដល់សុខភាព អ្នកបរិភោគបន្តទៀតជាដាច់ខាត់ចៀសវាងថ្ងៃក្រោយប្រឈមនឹងផ្លូវច្បាប់៕