(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យម្ចាស់អាជីវកម្មកំពង់ផែ ផែបណ្ដែតទឹក ទូកក្បូន កាណូតទេចរណ៍ និងជលយាន្ដគ្រប់ប្រភេទទាំងអស់ ផ្អាកការធ្វើចរាចរនៅតាមដល់ទន្លេសាប និងទន្លេចតុមុខ ចាប់ពីមុខផ្សាររាត្រី ដល់ព្រំប្រទល់ទីក្រុងកោះពេជ្រ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៥៖០០ទៀបភ្លឺ រហូតដល់ម៉ោង១២៖០០ថ្ងៃត្រង់។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ការស្នើឲ្យផ្អាកធ្វើចរាចរនេះ ដើម្បីចូលរួមអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ និងទិវាកំណើតនៃកងយោធពលខេមភូមិន្ទឆ្នាំ២០១៨ ដែលគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ និងក្រសួងព្រះបរមរាជរាំង នឹងរៀបចំមិទ្ទិញនៅមុខព្រះបរមរាជរាំង។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ទិវានេះ រៀបចំធ្វើឡើងក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រមទាំងមានការចូលរួមពីឥស្សរជនជាន់ខ្ពស់នានា នៃស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលផងដែរ។
ក្នុងសេចក្ដីជូនដំណឹង បានបន្ថែមថា ដូចនេះ ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងញ៉ាំងឲ្យពិធីនេះ ប្រព្រឹត្ដទៅដោយរលូន រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១៖ ស្នើឲ្យម្ចាស់អាជីវកម្មកំពង់ផែ ផែបណ្ដែតទឹក ទូកក្បូន កាណូតទេចរណ៍ និងជលយាន្ដគ្រប់ប្រភេទទាំងអស់ ផ្អាកការធ្វើចរាចរនៅតាមដល់ទន្លេសាប និងទន្លេចតុមុខ ចាប់ពីមុខផ្សាររាត្រី ដល់ព្រំប្រទល់ទីក្រុងកោះពេជ្រ នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៥៖០០ទៀបភ្លឺ រហូតដល់ម៉ោង១២៖០០ថ្ងៃត្រង់។
២៖ ហាមការបង្ហោះដ្រូន នៅជុំវិញទីតាំងប្រារព្ធពិធី មុខព្រះបរមរាជរាំង វិមានឯករាជ្យ និងតាមបណ្ដោយផ្លូវសុធារស៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ៖