(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេចចៅហ្វាវំាង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះត្រួតពិនិត្យការសាកល្បងតៀម កម្លាំងប្រដាប់អាវុធ ដើម្បីរៀបចំអបអរសាទរពិធីខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៨ នៅមុខព្រះបរមរាជវាំង។
ការអញ្ជើញចុះត្រួតពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិកាក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេស អគ្គមេបញ្ជាការ ខ.ភ.ម, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ រួមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ និងក្រសួងព្រះបរមរាជវាំង យ៉ាងច្រើនកុះករផងដែរ។
ការតៀមរៀបចំសាកល្បងនេះ មានកងកម្លាំងចម្រុះចូលរួមរួមមាន៖ កងអង្គរក្ស, កងពលតូចលេខ៧០, កងរាជអាវុធហត្ថ, កម្លាំនគរបាល និងបណ្តាអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ដើម្បីធ្វើយ៉ាងត្រៀមខ្លួន ឱ្យបានរួចរាល់សម្រាប់កម្មវិធីខួបបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ ៩ វិច្ឆិកា ២០១៨) នេះ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៨ ឱ្យបានអធិកអធមសមជារដ្ឋឯករាជ្យ មានអធិបតេយ្យភាព និងបង្ហាញពីភាពអង់អាចក្លាហានរបស់កងកម្លាំងកម្ពុជា និងទឹកចិត្តស្នេហាជាតិមាតុភូមិកម្ពុជា ពីសំណាក់ពលរដ្ឋទូទាំងប្រទេសផងដែរ។
ស្មារតីនៃទិវាខួបលើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៨) ប្រែក្លាយជាកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លា ដើម្បីកសាងអភិវឌ្ឍ និងការពារជាតិមាតុភូមិកម្ពុជា ឱ្យសម្បូររុងរឿង៕