(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការងឿងឆ្ងល់ និងមិនសប្បាយចិត្តនោះឡើយចំពោះការយឺតយ៉ាងនៅក្នុងការសាងសង់ឡើងវិញផ្លូវជាតិលេខ២។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទៅរដ្ឋមន្ត្រីពីររូប គឺរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យពន្លឿនការសាងសង់ផ្លូវមួយខ្សែនេះ។
ការដាក់ចេញបញ្ជាឲ្យពន្លឿនសាងសង់កំណាត់ផ្លូវជាតិលេខ២បានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ២ម៉ឺននាក់ មកពីរោងចក្រចំនួន២០ នៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំជិះពីមុនមកយ៉ាងម៉េច? ឥឡូវវានៅតែអ៊ីចឹងប៉ុណ្ណឹងដដែល។ យើងបានចរចាប្រហែលជា៥ឆ្នាំហើយ ប៉ុន្តែឥឡូវឮថាកំពុងដាក់ដេញថ្លៃ។ សូមជំរុញបន្តិចមើល សូមជំរុញបន្តិចមើល វាអត់ច្រើនប៉ុន្មានទេ ប៉ុណ្ណឹងនោះ ហេតុអ្វីដំណើរការយឺតយ៉ាវម្ល៉េះ? ព្រោះយើងត្រូវការអភិវឌ្ឍន៍ផ្លូវដទៃទៀតពង្រីក បើផ្លូវជាតិលេខ៣វិញ ពង្រីកពីរដងហើយ។ អស់ពី៧ម៉ែត្រ ទៅ១២ម៉ែត្រ ១២ម៉ែត្រ ទៅ២០ម៉ែត្រជាង ប៉ុន្តែអាលេខ២ហ្នឹងវានៅតែប៉ុណ្ណឹង។ នេះជារឿងមួយដែលខ្ញុំហាក់មិនសប្បាយចិត្តជាមួយការយឺតយ៉ាងក្នុងការសាងសង់ផ្លូវមួយនេះ»។
សម្តេចតេជោ បានថ្លែងបញ្ជាក់ទៀតថា នៅក្នុងខេត្តតាកែវ មានការអភិវឌ្ឍច្រើននាពេលបច្ចុប្បន្ន ដោយឡែកតែផ្លូវលេខ២ មិនទាន់មានការអភិវឌ្ឍ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ភាពយឺតយ៉ាវក្នុងការសាងសង់ផ្លូវបានធ្វើឲ្យរំខានដល់គម្រោងវិនិយោគផ្សេងៗនៅក្នុងខេត្តតាកែវផងដែរ។
ភ្លាមៗបន្ទាប់ពីការប្រតិកម្មរបស់សម្តេចតេជោ ហ៊ុន សែន លើភាពយឺតយ៉ាវនៃការសាងសង់ផ្លូវនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាប់ភារកិច្ចនៅក្រៅប្រទេស បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ផ្លូវជាតិលេខ២នេះ នឹងត្រូវចាប់ផ្តើមសាងសង់ជាថ្មីនៅដើមឆ្នាំ២០១៩ខាងមុខនេះហើយ។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នឹងចាប់ផ្តើមបើកកញ្ចប់ដេញថ្លៃរបស់ក្រុមហ៊ុនសាងសង់ ហើយពន្លឿននីតិវិធីផ្សេងៗ ដើម្បីឈានទៅបើកការដ្ឋានសាងសង់ឲ្យបាននៅខែមករា ឆ្នាំ២០១៩។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញពីភាពយឺតយ៉ាវនៅក្នុងសាងសង់នេះផងដែរ។ បើតាមលោក ស៊ុន ចាន់ថុល ភាពយឺតយ៉ាវនេះ ដោយសារតែតម្លៃចំណាយលើការសាងសង់មានទំហំច្រើនជាងថវិកាដែលរាជរដ្ឋាភិបាលកម្ពុជាស្នើខ្ចីពីរដ្ឋាភិបាលកូរ៉េខាងត្បូងកាលពី៤ឆ្នាំមុន រហូតដល់ទៅ ១៣លានដុល្លារអាមេរិក ដែលជាហេតុមិនអាចដាក់ដេញថ្លៃបាននោះទេ។
ឆ្លើយតបបញ្ហានេះខាងក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជាក៏បានដាក់សំណើទៅភាគីកូរ៉េខាងត្បូង ដើម្បីស្នើសុំខ្ចីថវិកាបន្ថែម ហើយពេលថ្មីៗនេះភាគីកូរ៉េខាងត្បូង ក៏បានឯកភាពផងដែរ។
សូមបញ្ជាក់ផ្លូវជាតិលេខ២ ដែលគ្រោងសាងសង់ឡើងវិញនេះ មានប្រវែងប្រមាណ ៥៧គីឡូម៉ែត្រពីរង្វង់មូលក្រុងតាខ្មៅ ខេត្តកណ្ដាល ដល់រង្វង់មូលអូរចំបក់ (ចម្ងាយប្រហែល ៣គីឡូម៉ែត្រពីរង្វង់មូលទីរួមខេត្តតាកែវ)។ គម្រោងនេះក៏បញ្ចូលការសាងសង់លើផ្លូវជាតិលេខ ២២ប្រវែង ៩គីឡូម៉ែត្រផងដែរ។
គម្រោងនេះនឹងអនុវត្តការក្រាលកៅស៊ូ AC សង់ស្ពានថ្មី និងពង្រីកទទឹងផ្លូវឲ្យបាន ១៣ម៉ែត្រ។ ដោយឡែកត្រង់ចំណុចរង្វង់មូលគួស្រូវទៅទិសខាងត្បូងប្រវែង ៨គីឡូម៉ែត្រ នឹងត្រូវសាងសង់ជា ៤ គន្លង។
ជាការកត់សម្គាល់រាល់គម្រោងផ្លូវដែលសាងសង់ដោយថវិកាកម្ចីពីរដ្ឋាភិបាលកូរ៉េខាងត្បូងតែងមានភាពយឺតយ៉ាវជាងប្រទេសដទៃ។ ផ្លូវគ្រោងសាងសង់ក្រោមថវិកាកម្ចីពីកូរ៉ខាងត្បូងនោះ មានដូចជាផ្លូវជាតិ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៤៨ (ពីស្រុកស្រែអំពិល ទៅកាន់ទីរួមខេត្តកោះកុង)៕