(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារស្ទឹងមានជ័យ និងហាងលក់ទំនិញមួយចំនួន ក្នុងខណ្ឌមានជ័យ ចុះត្រួតពិនិត្យទំនិញ និងស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយ លើទីផ្សារ នៅថ្ងៃទី០៧ ខែវិច្ចិកា ឆ្នាំ២០១៨។
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូវផែស្ងួតចុងទីភ្នំពេញ ដែលដឹកនាំចុះផ្ទាល់ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ មន្ត្រីលោកបានធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីហាមឃាត់ ទៅលើទំនិញមួយចំនួន ដូចជា អំបិលអ៊ីយ៉ូដ សរសៃមីលឿង លត គុយទាវសរសៃធំ ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក ជ្រក់ត្រសក់ មឹក បង្គារ ត្រីប្រម៉ា ត្រីបង្ហើម សាច់ក្រក ។ល។ ដោយជាលទ្ធផល ពុំឃើញមានសារធាតុគីមីហាមឃាត់ទេ និងយកគំរូមួយចំនួនបញ្ជូន ទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹងអំពីសុវត្ថិចំណីអាហារ។
លោក គង់ វុទ្ធី បានបញ្ជាក់ថា លោកតែងតែដឹកនាំមន្រ្តីជំនាញចុះធ្វើការត្រួតពិនិត្យយ៉ាងដូច្នេះជាប្រចាំ និងញឹកញ៉ាប់បំផុត ដើម្បីណែនាំដល់អាជីវករ នៅតាមផ្សារឲ្យបានដឹង ពីការប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងធ្វើការផ្សព្វផ្សាយបន្តទៅដល់អ្នកចែកចាយពីការប្រើប្រាស់សារធាតុគីមី។
យុទ្ធនាការជាបន្ដបន្ទាប់នេះ ត្រូវបានលោក គង់ វុទ្ធី បានឲ្យដឹងថា ដោយធ្វើតាមការណែនាំពីប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ រួមទាំងមានការសំណូមពរពីប្រជាពលរដ្ឋ៕